ក្រុង​ការ៉ាកាសៈ ​ក្រុម​តំណាង​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​លោក​ នីកូឡាស ម៉ាឌូរ៉ូ​ និង​មេបក្ស​ប្រឆាំង​លោក ​Juan Guaido ​បាន​ទៅ​ដល់​កោះ​បាបាដុស​ ដើម្បី​បន្ត​កិច្ច​ពិភាក្សា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​របស់​ប្រទេស​​នេះ​។​

កាល​ពី​សប្តាហ៍​មុន​គូ​ប្រឆាំង​បដិបក្ខ​ បាន​ឯកភាព​គ្នា​បង្កើត​វេទិកា​មួយ​ដើម្បី​បន្ត​ការ​ចរចា ដែល​បាន​សម្រុះសម្រួល​ដោយ​​ប្រទេស ​ន័រវែស​ ក្រោយ​ពី​មាន​កិច្ច​ពិភាក្សា ​៣ ​ថ្ងៃ ​នៅ​កោះ​ការ៉ាបៀន​នោះ។​

រដ្ឋមន្ត្រី​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​លោក ​Jorge ​Rodriguez ​ដែល​ត្រូវ​បាន​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ Jorge ​Arreaza ​នៅ​កោះ​បាបាដុស​ បាន​ថ្លែង​នៅ​ក្នុង​ឃ្លីប​វីដេអូ​មួយ​ ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​យើង​កំពុង​បន្ត​ដំណើរ​ដ៏​សំខាន់​ជា​មួយ​លោក​ប្រធានាធិបតីនី ​កូឡាស​ ម៉ាឌូរ៉ូ ​ជា​កិច្ច​ពិភាក្សា​សន្តិភាព​ជា​អចិន្រៃ្តយ៍​មួយ​ ដើម្បី​ដោះស្រាយ​ភាព​ចម្រូង​ចម្រាស​នយោបាយ​ឲ្យ​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​ប្រជាធិបតេយ្យ​​។​

តំណាង​ប្រេសិត​ពិសេស​របស់​លោក ​Guaido ​បាន​ទៅ​ដល់​កោះ​បាបាដុស​កាល​ពី​ថ្ងៃ​អាទិត្យ​។​

ការិយាល័យ​សារព័ត៌មាន​របស់​លោក​បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា ​ពួក​គេ​កំពុង​មាន​បំណង​ចង់ ​«​ផ្លាស់ប្តូរ ​ដែល​អាច​បញ្ចប់​ការ​ឈឺ​ចាប់​របស់​ប្រជាជន​វ៉េណេស៊ុយអេឡា​»​។​

អ្នក​គាំទ្រ ​លោក ម៉ាឌូរ៉ូ​ ចូលរួម​ការ​ជួបជុំ​មួយ​ជា​ការ​បង្ហាញ​ការ​គាំទ្រ​រដ្ឋាភិបាល​របស់​លោក។ AFP

បន្ទាប់​ពី​កិច្ច​ពិភាក្សា​កាល​ពី​សប្តាហ៍​មុន​ ប្រទេស ​ន័រវែស ​បាន​ប្រកាស​ថា​ ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​ដើម្បី ​«ធ្វើ​ការ​នៅ​ក្នុង​ការ​បន្ត​ចរចា​ និង​ឥរិយាបថ​សមត្ថភាព ​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ ​ដែល​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​គាំទ្រ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​»​។​

កិច្ច​ពិភាក្សា​នៅ​កោះ​បាបាដុស ​ត្រូវ​បាន​បន្ត​ចរចា​នៅ​ជុំ​ទី​១ ​នៅ​ក្នុង​ទីក្រុង​អូសាកា ​កាល​ពី​ខែ​ឧសភា​។​

ប្រទេស ​វ៉េណេស៊ុយអេឡា​ បាន​ជាប់​ផុង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ជាប់​គាំង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​ ចាប់​តាំង​ពី​ខែ​មករា​នៅ​ពេល​លោក​ Guaido ​បាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​ប្រធានាធិបតី​ស្តីទី​ ហើយ​ភ្លាមៗ​នោះ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជាង ​៥០ ​ផង​ដែរ​។​

ប្រទេស​ក្រីក្រ​សម្បូរ​ទៅ​ដោយ​ប្រេង​មួយ​នេះ​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ​អស់​រយៈពេល ​៥ ​ឆ្នាំ​ ខណៈ​មាន​កង្វះ​ស្បៀង​អាហារ​ និង​ថ្នាំ​ពេទ្យ​ជា​ញឹកញាប់​ និង​សេវា​សាធារណៈ​កំពុង​ធ្លាក់​ចុះ​ខ្សោយ​ជា​បន្តបន្ទាប់​នោះ​។​

យោង​តាម ​UN បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​វ៉េណេស៊ុយអេឡា​ប្រហែល ​៣០ ​លាន​នាក់ ​ក្នុង​នោះ​ចំនួន ​១ ​ភាគ ​៤​ ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​៕ AFP/SK