ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា អតីតទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន «បានបង្កឧបសគ្គដល់យើង» នៅក្នុងការចរចាលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ដោយទាមទារឲ្យរបបមួយនេះ អនុវត្តតាម «គំរូប្រទេស លីប៊ី» ហើយឲ្យប្រគល់អាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួនយកមកគ្រប់គ្រងជំនួសវិញ។
លោក ចន បូលតុន បានលាលែងពីតំណែងរដ្ឋការនោះ កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយលោក ត្រាំ អំពីគោលនយោបាយនានានៅក្នុងនោះថា តើត្រូវលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយរបៀបណា?
ទីប្រឹក្សាល្មោភសង្គ្រាមរូបនេះ បានគាំទ្រឲ្យយក «គំរូតាមប្រទេស លីប៊ី» ដែលបានអំពាវនាវឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរទៅនឹងការដកទណ្ឌកម្ម។
លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯសេតវិមានថា៖ «លោក បូលតុន បានធ្វើឲ្យមានកំហុសយ៉ាងធំជាច្រើន។ នៅពេលលោក បូលតុន ជជែកអំពីលោក គីម ជុងអ៊ុន ឲ្យយកគំរូតាមប្រទេស លីប៊ី ហើយនោះមិនមែនជាសេចក្តីថ្លែងការណ៍ល្អ ដែលត្រូវលើកយកមកនិយាយទេ» ដោយនិយាយសំដៅទៅលើមេដឹកនាំកូរ៉េខាងជើង។ «អ្នកគ្រាន់តែសម្លឹងមើលអ្វីដែលបានកើតឡើងជាមួយកាដាហ្វីតែប៉ុណ្ណោះ ហើយនោះមិនមែនជាសេចក្តីថ្លែងការណ៍ល្អមួយ ដែលត្រូវលើកយកមកនិយាយនោះទេ ប៉ុន្តែវាបានបង្កជាឧបសគ្គដល់យើង»។
លីប៊ី បានប្រគល់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួននៅឆ្នាំ ២០០៣ ប៉ុន្តែមេដឹកនាំ មួម៉ា កាដាហ្វី សម័យនោះ ត្រូវបានទម្លាក់ពីអំណាចហើយត្រូវបានសម្លាប់ ដោយក្រុមកងកម្លាំងឧទ្ទាមដែលគាំទ្រដោយអង្គការណាតូ៕ Yonhap/SK