ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា លោក និង​មេដឹកនាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន ​ដូចជា​ចូលចិត្ត​គ្នា​ច្រើន​ខ្លាំង ហើយ​លោក​បាន​អះអាង​ថា​ការប្រឈមមុខ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង​ក៏​ត្រូវ​បាន ​«​ដោះស្រាយ​ច្រើន​ដែរ​ហើយ​»​។

ដោយ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​សេតវិមាន​លោក​ ត្រាំ បាន​ថ្លែង​ថា​លោក​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ទៅ​លោក​ គីម ជុងអ៊ុន ហើយ​លោក​បាន​បន្ថែម​ថា​៖ «​លោក​ គីម ជុងអ៊ុន អាច​ទូរស័ព្ទ​មក​ខ្ញុំ ប្រសិន​បើ​គាត់​មាន​ភាព​ចំាបាច់​ណា​មួយ​នោះ​»​។

លោក​ ត្រាំ បាន​ថ្លែង​សង្កត់​ធ្ងន់​ថា​៖ «​ទំនាក់ទំនង​របស់​យើង​ពិតជា​មាន​សារៈសំខាន់​ណាស់​»​។

នៅក្នុង​សារ​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សេតវិមាន​លោក​ ត្រាំ បាន​ថ្លែង​ថា​កិច្ចប្រជុំ​កាល​ថ្ងៃ​អង្គារ​ជាមួយ​មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាង​ជើង គឺ​មាន​លក្ខណៈ​បើកចំហ​ត្រង់ៗ និង​ពិត​ជា​ទទួល​បាន​ផ្លែផ្កា​ច្រើន​។

លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​មាន​ឱកាស​ដែល​ជួយ​ឲ្យ​មាន​សន្តិភាព ហើយ​ប្រសិន​បើ​មាន​ឱកាស​ដើម្បី​បិទ​បញ្ចប់​ការគំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ យើង​ត្រូវ​តែ​ចាប់​យក​ឱកាស​នោះ​ឲ្យ​បាន​ទោះបី​ក្នុង​តម្លៃ​ណា​ក៏ដោយ​»​។

លទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​ប្រទេស​សិង្ហបុរី​ដែល​លោក​ គីម ជុងអ៊ុន និង​លោក​ ត្រាំ ​បាន​ចុះហត្ថលេខា​លើ​ «​កិច្ចព្រមព្រៀង​ដើម្បី​ធ្វើការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​លើ​ឧបទ្វីប​កូរ៉េ​» ទទួល​បាន​ការស្វាគមន៍​លាយឡំ​ជាមួយ​នឹង​មន្ទិលសង្ស័យ​ពី​សំណាក់​ក្រុម​អ្នកវិភាគ​។

លោក​ គីម ជុងអ៊ុន មិន​បាន​ចាត់​វិធានការ​អ្វី​ជា​ដុំកំភួន​នៅ​ឡើយ​ទេ ក្នុង​ដំណើរការ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​លោក​នោះ​។

លោក​ ត្រាំ បាន​ថ្លែង​ថា​រដ្ឋមន្ត្រី​ការបរទេស​លោក Mike Pompeo «​នឹង​ត្រូវ​ធ្វើការ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាង​ជើង​» ​នៅ​ប៉ុន្មាន​សប្ដាហ៍ និង​នៅ​ក្នុង​ខែ​ខាង​មុខ​នេះ​៕ PDN