សហរដ្ឋអាមេរិកៈ វា​មាន​រយៈពេល ១ ឆ្នាំ​ហើយ​ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​កិច្ច​ការទូត​របស់​លោក​នៅ​លើ​ឆាក​អន្តរជាតិ​ធំ​ជាង​គេ​បង្អស់​របស់​ពិភពលោក លោក​ដូណាល់ ត្រាំ បាន​ត្រឡប់​ទៅ​ចូលរួម​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ប្រកាស​អំពី​ការ​ប្រែ​ប្រួល​នៃ​ចំណង​មិត្តភាព​ជាមួយ​នឹង​ស​ត្រូវ​លេខ ១ របស់​ខ្លួន​កាល​ពី​ឆ្នាំ​ទៅ​គឺ​មេ​ដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន។

ប៉ុន្តែ​ខណៈដែល​ទំនាក់ទំនង​ជាមួយនឹង​កូរ៉េខាងជើង​បាន​ប្រសើរឡើង​យ៉ាង​ឆាប់រហ័ស នេះ ថ្នាក់​ដឹកនាំ​ដែល​បាន​ចូលរួម​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​នៅ ទីស្នាក់ការ អ.ស.ប ក្នុង​ក្រុង​ញូវយ៉ក នឹង​បាន​ស្ដាប់ឮ​នូវ​ពាក្យ​សម្តី​សត្រូវ​របស់​លោក​ត្រាំ ១ ទៀត គឺ​លោក ហាស្សាន រូហានី ដែល​កាយវិការ និង​ពាក្យ​សម្ដី​របស់​លោក​នៅ​តែ​មិន​អាច​ទទួល​យក​បាន​សម្រាប់​ប្រធានា​ធិបតី US។

បន្ទាប់ពី​មកដល់​ស្រុក​កំណើ​ត​របស់លោក​កាលពី​ថ្ងៃអាទិត្យ លោក​ត្រាំ មាន​កាល​វិភាគ​ដ៏​មមាញឹក​មួយ​នៅ​ក្នុង​អំឡុង​ពេល ២-៣ ថ្ងៃ បន្ទាប់​ពី​អ្វី​ដែល​នឹង​ចាប់​ផ្ដើម ដោយ​ការ​ថ្លែង​សុន្ទរ​កថា​លើ​ប្រធាន​បទ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​ពិភពលោក​នៅ​ថ្ងៃ​ចន្ទ។

បន្ថែម​ពីលើ​ការ​ថ្លែង​សុន្ទរកថា​នៅឯ​មហាសន្និបាត អ.ស.ប នៅ​ថ្ងៃ​អង្គារ លោក​ត្រាំ មាន​ជំនួប​ទ្វេភាគី​ជាច្រើន​ទៀត ជាមួយ​នឹង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត ដូចជា​ប្រធានា​ធិបតី​បារាំង អេម៉ានុយ អែល ម៉ាក្រុង លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ថេរ៉េសា ម៉េ និង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ ដែល​លោក​បាន​ជួប​កាល​ពី​ថ្ងៃ​អាទិត្យ។

ប៉ុន្តែ​ជំនួប​ដែល​គេ​ចាំមើល​ទាំងអស់គ្នា​នោះ គឺ​ជំនួប​រវាង​លោក​ដូ​ណា​ល់ ត្រាំ ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាងត្បូង​លោក​មូន ជេអ៊ីន ដែល​នឹង​ត្រូវ​រាយការណ៍​ប្រាប់​លោក​អំពី​លទ្ធផល​នៃ​ជំនួប​អន្តរ​កូរ៉េ​ជាមួយ​គីម ជុងអ៊ុន៕