ក្រុង​វ៉ាស៊ីន​តោន៖ ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​អង្គារ​បាន​គំរាម​កាត់​ជំនួយ​​របស់​អាមេរិក​ពី​​ ​អង្គការ​សុខភាព​ពិភព​លោក (WHO)​ ដោយ​ចោទ​ប្រកាន់​អង្គការ​នេះ​ពី​បទ​លម្អៀង​ទៅ​រក​ប្រទេស ​ចិន​ ជា​ទី​ដែល​អាជ្ញាធរ​ បាន​ដក​បម្រាម​ធ្វើ​ដំណើរ​រយៈពេល ​២ ​ខែ​កន្លះ​ នៅ​ក្នុង​ក្រុង​វូហាន​ ជា​ទីក្រុង​ដែល​បាន​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ជា​សកល​។​

ខណៈ​អាមេរិក​បាន​​ប៉ះពាល់​ពី​ការ​កត់ត្រា​សរុប​ចំនួន​អ្នក​ស្លាប់​ជិត ​២ ០០០ ​នាក់​​ក្នុង​រយៈពេល ​២៤ ​ម៉ោង​ ប្រទេស ចិន ​បាន​រាយការណ៍​ថា ​មិន​មាន​អ្នក​ស្លាប់​ថ្មី​សម្រាប់​លើក​ដំបូង​នោះ​ទេ​ ចាប់​តាំង​ពី​ ការ​ផ្ទុះ​វីរុសផ្លូវ​ដង្ហើម​​​កូរ៉ូណា​​ប្រភេទ​ថ្មី​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ក្រុង​វូហាន​កាល​ពី​ចុង​ខែ​ធ្នូ ​​ឆ្នាំ ​២០១៩​។​

ចំណែក​នាយក​រដ្ឋមន្ត្រី​ប្រទេស ​អង់គ្លេស ​លោក​ បូរីស​ ចនសុន​ បាន​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​សុខភាព​ល្អ​ប្រសើរ​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​​ក្រុង​ឡុងដ៍ ​ក្រោយ​ពី​ត្រូវ​បញ្ជូន​ទៅ​​កាល​ពី​​ថ្ងៃ​ចន្ទ​​​រយៈពេល ​១០ ថ្ងៃ ​ក្រោយ​ពី​​ត្រូវ​បាន​​ធ្វើ​​រោគ​វិនិច្ឆ័យ​ ថា​បាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​នេះ​។​

អ្នក​នាំ​ពាក្យ​របស់​លោក ​បូរីស​ ចនសុន ​បាន​ថ្លែង​ថា​ មេ​ដឹកនាំ​អភិរក្ស​និយម​មាន​វ័យ ​៥៥ ​ឆ្នាំ​ គឺ​«​មាន​សុខភាព​ល្អ​ប្រសើរ​ធម្មតា​» ​បាន​កំពុង​«ទទួល​ការ​ព្យាបាល​ដាក់​អុកស៊ីហ្ស៊ែន​ទៅ​តាម​ស្តង់​ដា​»​ ហើយ​មិន​ត្រូវ​ការ​ឧបករណ៍​សម្រាប់​ជួយ​ការ​​ដក​ដង្ហើម​ទេ​។​

ការ​សម្រាក​​ព្យាបាល​នៅ​​មន្ទីរពេទ្យ​​របស់​មេ​ដឹកនាំ​ពិភព​លោក​ដ៏​ល្បី​ឈ្មោះ​​នេះ​ បាន​​​បង្ហាញ​​​ឲ្យ​​ឃើញ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ជា​សកល​ ដែល​​បាន​ដាក់​មនុស្ស​ជាង ​៤ ​ពាន់​លាន​នាក់ គឺ​ជាង​ពាក់​កណ្តាល​ពិភព​លោក​ឲ្យ​​ស្នាក់នៅ​ក្នុង​ផ្ទះ​ និង​ធ្វើ​ឲ្យ​​ប៉ះពាល់​​សេដ្ឋកិច្ច​ទូទាំង​ពិភព​លោក៕ AFP/SK