ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​​ កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ស្នើ​ឲ្យ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​ គីម​ ជុងអ៊ុន​ ​«​ធ្វើ​សកម្មភាព​ឲ្យ​បាន​ឆាប់​រហ័ស​» ​ដើម្បី​ឈាន​ដល់​​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​លោក​ ស្តីពី​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។​

ការ​ថ្លែង​នៅ​លើ​គេហទំព័រ​របស់​លោក ​ត្រាំ ​បាន​កើត​ឡើង​ ខណៈ​ការ​ចរចា​បញ្ហា​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ព្យុងយ៉ាង​ បាន​ជាប់​គាំង ​ចាប់​តាំង​ពី​ជំនួប​កំពូល​លើក​ទី ​២ ​របស់​មេ​ដឹកនាំ​ទាំង ​២​ កាល​ពី​ខែ​កុម្ភៈ​ បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​។ ​ប្រធានាធិបតី​អាមេរិក​បាន​ស្នើ​សុំ​ថា ​ពួក​គេ​ នឹង​ជួប​គ្នា​ម្តង​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​កូ​រ៉េ​ខាង​ជើង​បាន​ស្នើសុំ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ និង​ធានា​សន្តិសុខ​ជា​ថ្នូរ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ប៉ុន្តែ​អាមេរិក ​បាន​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ ​និង​ចាត់​វិធាន​ការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​ ដែល​អាច​ផ្ទៀងផ្ទាត់​ជា​មុន​សិន​។​

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក ​បាន​ប្រកាស​ការ​ពន្យារ​ពេល​អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​របស់​ពួក​គេ ​ក្នុង​ពេល​ឆាប់​ៗ​​នេះ​។ ​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​អំពី ​«ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​» ​ដែល​អាមេរិក ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​នោះ​។​

មេដឹក​នាំ​កូ​រ៉េខាង​ជើង​លោក​ គីម ជុង​អ៊ុន​ ថតរូប​ជាមួយ​ក្រុម​ពី​ឡុត​ និង​​ក្រុមមន្ត្រី​យោធា​ ខណៈ​លោក​​ត្រួតពិនិត្យ​មើល​ការ​ប្រកួតបាញ់​គ្រាប់​ពិត​។ AFP

ក្រុង​ព្យុងយ៉ាង​ បាន​ត្រួត​ពិនិត្យ​មើល​សមយុទ្ធ​សម្ព័ន្ធ​មិត្ត​ថា​ ជា​ការ​ហាត់​សម​ឈ្លាន​ពាន​មួយ​មក​លើ​កូរ៉េ​ខាង​ជើង​ ទោះបី​ជា​មាន​ការ​ធានា​អះអាង​ពី​ក្រុង​សេអ៊ូល​ និង​ក្រុង​វ៉ាស៊ីនតោន​ ដែល​ពួក​គេ​ធ្វើ​ឡើង​ជា​ការ​ហាត់​សម​ការពារ​ខ្លួន​ក្តី​។​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក​ Mark Esper ​បាន​ហៅ​ការ​សម្រេច​ចិត្ត​នោះ​ថា​ជា ​«ការ​ធ្វើ​សកម្មភាព​​មាន​ឆន្ទៈ​ល្អ» ​មួយ​ មាន​គោល​បំណង​លើក​ស្ទួយ​ការ​ទូត​ ហើយ​បាន​ស្នើ​ឲ្យ​ក្រុង​ព្យុងយ៉ាង ​«​ងាក​មក​តុ​ចរចា​វិញ​ ដោយ​គ្មាន​ការ​បំពេញ​លក្ខខណ្ឌ​ ឬ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ចិត្ត​»​។​

កូរ៉េ​ខាង​ជើង ​បាន​រៀបចំ​កាល​បរិច្ឆេទ​នៅ​ចុង​ឆ្នាំ​នេះ​ សម្រាប់​​អាមេរិក​ស្នើសុំ​​ដែល​អាច​ទទួល​យក​បាន​៕ Yonhap/SK