ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ស្នើឲ្យគ្រូបង្រៀន ជួយ ទប់ស្កាត់ការបាញ់ប្រហារបណ្តាលឲ្យមនុស្សស្លាប់ច្រើន ខណៈលោកបានរៀបចំជំនួបយ៉ាងរំជួលចិត្តមួយកាលពីថ្ងៃពុធនៅឯសេតវិមានជាមួយក្រុមអ្នករួចផុតជីវិតពីការបាញ់ ប្រហារ ដែលបណ្តាលឲ្យមនុស្ស ១៧ នាក់បានស្លាប់នៅក្នុងវិទ្យាល័យមួយនៅរដ្ឋហ្វ្លរីដា។
លោកត្រាំ ក៏បានសន្យាធ្វើការស្រាវជ្រាវប្រវត្តិរបស់ម្ចាស់កាំភ្លើងក្នុងអំឡុង «ជំនួបស្តាប់» គួរឲ្យរំជួលចិត្តនៅក្នុងអ្វីដែលលោក បានឮពីដំណើររឿងដំបូងពីឪពុកម្តាយ និងមិត្តភក្តិ និងក្មេងសិស្សសាលា ដែលរត់ប្រាសអាយូស ដើម្បីរួចជីវិតរបស់ពួកគេ។
លោកត្រាំ ថ្លែងថា៖ «ប្រសិនបើអ្នកមានគ្រូបង្រៀនម្នាក់ដែលមានជំនាញខាងប្រើប្រាស់អាវុធ ពួកគេ អាចបញ្ចប់ការវាយប្រហារបានយ៉ាងឆាប់រហ័ស ដោយបានបញ្ជាក់ថា ២០ ភាគរយនៃគ្រូបង្រៀននៅតាមសាលារៀនទាំងអស់ អាចត្រូវបានបណ្តុះបណ្តាលឲ្យកាន់និងប្រើប្រាស់កាំភ្លើង។
លោក បានបន្ថែមថា៖ «នេះនឹងសម្រាប់តែមនុស្ស ដែលមានជំនាញគ្រប់គ្រងអាវុធ»។
ជំនួបនៅសេតវិមាន ដែលចាក់ផ្សាយតាមទូរទស្សន៍ បានកើតឡើង ខណៈក្រុមនិស្សិតបានធ្វើការតវ៉ាតាមដងផ្លូវនៅទូទាំងប្រទេស ដើម្បីទាមទារឲ្យរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ បន្ទាប់ពីមានការបាញ់ប្រហារបណ្តាលឲ្យក្មេងជំទង់ ១៤ នាក់ និងគ្រូបង្រៀន ៣ នាក់បានស្លាប់នៅវិទ្យាល័យ Stoneman Douglas ក្នុងក្រុងផាកឡែនដ៍នៃរដ្ឋហ្វ្លរីដា។
យុវជនដែលរួចផុតជីវិតពីការបាញ់សម្លាប់កាលពីថ្ងៃពុធសប្តាហ៍មុន បានជួបជុំគ្នានៅខាងក្រៅវិមានកាពីតូលនៃរដ្ឋហ្វ្លរីដា ដោយកាន់បដាសរសេរថា «មិនកើតឡើងម្តងទៀតទេ» ចូរមនុស្សពេញវ័យទាំងអស់ធ្វើអ្វីមួយ ដើម្បីទប់ស្កាត់ការបាញ់ប្រហារបែបនេះ។
សិស្សវិទ្យាល័យ Stoneman Douglas ឈ្មោះ Florence Yared បានប្រាប់ហ្វូងមនុស្សដែលមានអ្នកគាំទ្ររាប់ពាន់នាក់ថា ខ្ញុំលែងអាចដើរតាមអគារបានទៀតហើយ ពីព្រោះពីមុន ខ្ញុំបានដើររាប់លានដងដោយគ្មានការភ័យខ្លាច និងភាពក្រៀមក្រមសោកសៅអ្វីឡើយ»។
ជំនួបនៅសេតវិមាន ត្រូវបានចូលរួមដោយសិស្សវិទ្យាល័យ Stoneman Douglas ឪពុកម្តាយរបស់ពួកគេ និងឪពុកម្តាយរបស់ជនរងគ្រោះពីការវាយប្រហារនោះ៕