ក្រុងឡុងដ៍ៈ ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប ដោយ​ផ្តោត​ទៅ​លើ​បញ្ហា​សំខាន់ៗ​ជាច្រើន ខណៈ​លោក​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ជួប​មេដឹកនាំ​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន នៅ​ក្រុង Helsinki នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​ត្រាំ បានចាប់ផ្ដើម​ទស្សនកិច្ច​របស់លោក​កាលពី​ថ្ងៃ​ពុធ ដោយបាន​រិះគន់​អាល្លឺម៉ង់​លើ​ការ​បេ្ដជ្ញា​ចិត្ត​ក្នុង​ការ​ចំណាយ​ទៅ​លើ​អង្គការ NATO ខណៈ​អាល្លឺម៉ង់ នឹង​បង្កើន​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី។

លោក​ថ្លែងថា ក្រុង​ប៊ែ​រ​ឡាំង​បាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ ខណៈ​អាមេរិក ត្រូវ​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ការពារ​អាល្លឺម៉ង់​ពី​រុស្ស៊ី។

លោក​បាន​ថ្លែង​ដោយ​ផ្តោតទៅលើ​សំណើ​គម្រោង​បំពង់​នាំ​ឧស្ម័ន Nord Stream II ថា៖ «អាល្លឺម៉ង់ គឺជា​ចំណាប់​ខ្មាំង​របស់​រុស្ស៊ី ដោយសារ​អាល្លឺម៉ង់​គ្រោង នឹង​ទិញ​ឧស្ម័ន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​រុស្ស៊ី​បន្ថែម​ទៀត»។

បន្ទាប់ពី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អធិការបតី​លោកស្រី​អេនជេឡា មឺរកែល រួចមក លោក​ត្រាំ បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​លោក ហើយ​បាន​ធ្វើការ​អះអាង​ថា លោក​ពិត​ជា​មាន​ទំនាក់​ទំនង​ល្អ​ណាស់​ជាមួយ​នឹង​លោកស្រី អេនជេឡា មឺរកែល។

ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ត្រាំ បាន​សរសេរ​លើ គេហទំព័​ធ្វី​ធើ​រថា ជំហរ​របស់​អាល្លឺម៉ង់​ពិតជា «មិន​អាច​ទទួល​យក​បាន​ទេ»។

កាលពី​ថ្ងៃ​សុក្រ លោក​បាន​ថ្លែងថា គម្រោង​បំពង់​នាំ​ឧស្ម័ន​គឺជា «កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ» ដែល​នឹង​អនុញ្ញាត​ឲ្យ​រុស្ស៊ី​មាន​ឥទ្ធិពល​លើ​អាល្លឺម៉ង់។

កាលពី​នៅក្នុង​កិច្ចប្រជុំ​អង្គការ NATO ក្នុង​ក្រុង​ប្រ៊ុ​ច​សែ​ល លោក​ត្រាំ បាន​រិះគន់​ក្រុម សម្ព័ន្ធមិត្ត​ចំពោះ​ការ​បរាជ័យ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​លើ​ការ​ចំណាយ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ពួកគេ ដោយ​លោក​ត្រាំ​បាន​ទាមទារ​ឲ្យ​ពួកគេ​ដំឡើង​ការ​ចំណាយ​ឲ្យ​បាន ២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប របស់​ពួកគេ៕