ក្រុងមែសៃៈ ក្រុម​អ្នក​ជួយសង្រ្គោះ ដែល​ទាញយក​ក្រុម​បាល់ទាត់​ថៃ​ពី​ក្នុង​រូងភ្នំ​ដែល​លិច​ទឹក បាន​ធ្វើ​ការ​រុះរើ​កន្លែង​ធ្វើការ​របស់​ពួកគេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​មាន​គម្រោង​ប្រែ​ក្លាយ​ទីកន្លែង​នោះ​ឲ្យ​ទៅ​ជា​សារមន្ទីរ​មួយ ដើម្បី​ធ្វើ​ជា​ភ័ស្តុតាង​បង្ហាញ​ពី​កិច្ច​ប្រតិបត្តិការ​យ៉ាង​ក្លាហាន។

យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​មួយ​កំពុង​ធ្វើ​គម្រោង​មួយ ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ហូលីវូដ​អំពី​វីរភាព​ដ៏​អង់​អាច​របស់​ក្រុម​អ្នក​មុជទឹក អ្នក​ស្រាវជ្រាវ​ក្នុង​រូងភ្នំ និង​ក្រុម​គ្រូពេទ្យ ដែល​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​រំដោះ​ក្មេង​ក្រុម​បាល់ទាត់ «Wild Boars» ចេញ​ពី​រូង​ភ្នំ។

រូបភាព​វីដេអូ នៃ​ការជួយសង្គ្រោះ​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ត្រូវ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្មេង​ជំទង់​មាន​អាយុ​ពី ១១ ឆ្នាំ​ដល់ ១៦ ឆ្នាំ ត្រូវ​ដាក់​ក្នុង​ស្នែង សែង​ទៅរកកន្លែង​សុវត្ថិភាព។

ក្រុម​ក្មេង​ទាំងនោះ ត្រូវបាន​គេ​ឃើញ​អង្គុយ​នៅលើ​គ្រែ​របស់​ពួកគេ នៅក្នុង​មន្ទីរពេទ្យ ជាទី​ដែល​ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក រហូត​ដល់​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ពួកគេ​មិន​មាន​ឆ្លង​ជំងឺ​អី​ទេ​នៅ​ក្នុង​អំឡុង​ជាង ២ សប្តាហ៍​នៅក្នុង​ទី​ងងឹត​នោះ៕