ក្រុង​សេអ៊ូល៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ​រ៉ូប៊ឺត ​អូប្រៀន​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ថ្លែង​ថា​​ អាមេរិក​សុខ​ចិត្ត​​ជួយ​ប្រទេស ​កូរ៉េ​ខាង​ជើង ​តាម​មធ្យោបាយ​ផ្សេងៗ​ ដើម្បី​បន្ត​ការ​ចរចា​អំពី​បញ្ហា​នុយក្លេអ៊ែរ​ដែល​បាន​ជាប់​គាំង​នោះ​។ ​

លោក អូប្រៀន​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​អនឡាញ​ Axios​ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក​ពិត​ជា​មាន​សុទិដ្ឋិ​និយម​អំពី​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ ​ខណៈ​ដែល​ប្រទេស ​កូរ៉េ​ខាង​ជើង ​មិន​ទាន់​បាន​ធ្វើ​ការ​គំរាម​កំហែង​របស់​ខ្លួន​ ដើម្បី​បង្ក​ហេតុ​ជា​កាដូ​ណូអែល​សម្រាប់​​អាមេរិក​នោះ​ទេ។

លោក ​អូប្រៀន ​ត្រូវ​ដក​ស្រង់​សម្តី​នៅ​ក្នុង​បទសម្ភាស​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​​ដោយ​ថ្លែង​ថា៖ ​«​យើង​សុខ​ចិត្ត​ជួយ​ប្រជាជន​កូរ៉េ​ខាង​ជើង​ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ដឹង​ថា ​យើង​ចង់​បន្ត​ការ​ចរចា​នៅ​ក្រុង​ស្តុក​ហូម ​ដែល​ធ្លាប់​ត្រូវ​បាន​ធ្វើ​កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ ​២០១៩​»។ ​

លោក​បាន​ថ្លែង​ថា៖ «​យើង​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ដឹង​តាម​បណ្តាញ​ផ្សេងៗ​ថា ​យើង​ចង់​ឲ្យ​ការ​ចរចា​ទាំង​អស់​នោះ​កើត​ឡើង​វិញ​ ហើយ​អនុវត្ត​ការ​សន្យា​របស់​លោក​ប្រធាន ​គីម ​ចំពោះ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ​ដោយ​បាន​និយាយ​យោង​​ដល់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​ដោយ​ងារ​របស់​លោក​ថា ​ប្រធាន​​នៃ​គណៈកម្មាការ​កិច្ចការ​រដ្ឋ​។

​​ប្រជ​ាជន​មើល​កា​រ​ប​ាញ់តេស្តមីស៊ីលរប​ស់កូរ៉​េខាងជើង​នា​ពេល​កន្លងទៅ។ AFP

មន្ត្រី​រូប​នោះ​ មិន​និយាយ​លម្អិត​អំពី​បណ្តាញ​​​ផ្សេងៗ​នោះ​ទេ​។

បទសម្ភាស​នោះ​ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​មួយ​ថ្ងៃ​ក្រោយ​ពី​អតីត​អ្នក​ចរចា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​លោក ​Kim Kye-gwan ​​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​​ប្រធានាធិបតី​អាមេរិក​ លោក​ ដូ​ណាល់ ត្រាំ​ បាន​ផ្ញើ​ជូន​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​នូវ​លិខិត​ជូនពរ​ថ្ងៃ​ខួប​កំណើត​ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​នឹង​មិន​ត្រឡប់​ទៅ​រក​តុ​ចរចា​ដោយសារ​តែ​ទំនាក់​ទំនង​ផ្ទាល់​រវាង​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង ​២ ​នេះ​ទេ​។ ​

លោក ​គីម​ ជុងអ៊ុន ក៏​បាន​ថ្លែង​ថា​ ការ​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​អាច​បន្ត​នៅ​ពេល​ណា​អាមេរិក​ទទួល​ការ​ទាមទារ​របស់​កូរ៉េ​ខាង​ជើង​ទាំង​ស្រុង​។

លោក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​​ អូប្រៀន​​ បាន​ថ្លែង​ថា ​វា​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​កូរ៉េ​ខាង​ជើង​ មិន​ទាន់​ផ្ញើ​កាដូ​ណូអែល​នោះ​៕ Yonhap/PSA