ក្រុងពុត្រាចាយ៉ាៈ អតីតមេដឹកនាំម៉ាឡេស៊ីប្រឡូកប្រឡាក់ដោយរឿងអាស្រូវលោកណាជីប រ៉ាហ្សាក់ កាលពីថ្ងៃអង្គារត្រូវបានទីភ្នាក់ងារប្រឆាំងអំពើពុករលួយកោះហៅមកដើម្បីសាកសួរជុំវិញរឿងអាស្រូវហិរញ្ញវត្ថុ ដែលចូលរួមចំណែកជួយរបបគ្រប់គ្រងដ៏យូររបស់លោក ដួលរលំនោះ។
បក្សចម្រុះរបស់លោក បានទទួលរងការបរាជ័យគួរឲ្យភ្ញាក់-ផ្អើលក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៩ ខែឧសភា ដែលធ្វើឲ្យសម្ព័ន្ធកំណែទម្រង់និយមដឹកនាំដោយលោកម៉ាហាធៀ ម៉ូហាម៉ាដ បំបែកការក្តោបក្តាប់អំណាចយ៉ាងរឹងមាំរយៈពេល ៦ ទសវត្សរ៍របស់ពួកគេ។
លោកម៉ាហាធៀ ដែលលើកដំបូងកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ ១៩៨១-២០០៣ និងចាកចេញពីការចូលនិវត្តន៍នៅអាយុ ៩២ ឆ្នាំ ដើម្បីប្រជែងតំណែងជាមួយ លោក ណាជីបនិងសម្ព័ន្ធមិត្តរបស់លោកផ្តោតទៅលើការទាមទារថា អតីតមេដឹកនាំរូបនោះ និងមិត្តជិតស្និទ្ធរបស់លោក បានលួចលុយពីមូលនិធិ 1MDB។
ប្រាក់រាប់ពាន់លានដុល្លារតាមការចោទប្រកាន់ ត្រូវបានលួចចេញពីមូលនិធិនោះ ជាការលួចបន្លំតាមបច្ចេកទេសទំនើប និងបានប្រើប្រាស់ ដើម្បីទិញសម្ភារគ្រប់បែបយ៉ាងមានចាប់ពីរូបចម្លាក់ រហូតដល់អចលទ្រព្យដែលមានតម្លៃថ្លៃកប់ពពកនោះ។
លោកណាជីប និងប្រពន្ធរបស់លោកគឺលោកស្រី Rosmah Mansor បានបាត់បង់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ។ ពួកគេត្រូវបានរារាំងមិនឲ្យចេញពីប្រទេស និងប៉ូលិស បានរឹបអូសយកកាបូបដៃ គ្រឿងអលង្ការ និងប្រាក់នៅក្នុងអំឡុងវាយឆ្មក់ទៅលើភូមិគ្រឹះជាច្រើនទាក់ទងជាមួយនឹង ប្តីប្រពន្ធនេះ។
មេដឹកនាំ ដែលត្រូវបានបណ្តេញពីអំណាចរូបនេះ បានមកដល់ទីស្នាក់ការគណៈកម្មាការប្រឆាំងអំពើពុករលួយ (MACC) នៅក្នុងរដ្ឋធានី ពុត្រាចាយ៉ា ដោយបានឆ្លងកាត់អ្នកកាសែតប្រហែលមួយរយនាក់។
លោក ណាជីប ត្រូវបានកោះហៅដោយ MACC ដើម្បីធ្វើសេចក្តីថ្លែងការណ៍អំពីការអះអាងជុំវិញ SRC International ជាក្រុមហ៊ុនថាមពលមួយ ដែលកាលដើមឡើយ ជាសាខារបស់ 1MDB និងបង្កើតផ្នែកមួយនៃការស៊ើបអង្កេតទៅលើរឿងអាស្រូវនោះ។
SRC ត្រូវបានដាក់នៅក្រោមក្រសួងហិរញ្ញវត្ថុនៅក្នុងឆ្នាំ ២០១២ លោក ណាជីប គឺជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីនៅពេលនោះដែរ។
យោងតាមការស៊ើបអង្កេតមួយរបស់ទស្សនាវដ្តី Wall Street Journal លុយប្រមាណ ១០,៦ លានដុល្លារចេញពី SRC ត្រូវបានផ្ទេរចូលគណនីធនាគាររបស់លោកណាជីប ផ្ទាល់។ លុយរាប់រយលានដុល្លារចេញពី1MDB តាមការចោទប្រកាន់ ត្រូវចប់នៅទីនោះ។
លោកណាជីប និង 1MDB បានបដិសេធថា មិនមានកំហុសអ្វីឡើយ។ ការស៊ើបអង្កេតមួយដែលត្រូវបានចាប់ផ្តើមនៅក្នុងអំឡុងលោកកាន់តំណែង បានសន្និដ្ឋានថា លុយទាំងអស់នៅក្នុងគណនីរបស់លោក គឺជាអំណោយពីគ្រួសាររាជវង្សអារ៉ាប៊ី សាអ៊ូឌីត៕