ក្រុង​ហាណូយៈ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជំនន់​ទឹក​ភ្លៀង​បាន​បណ្តាល​ឲ្យ​មនុស្ស ១៣ នាក់​ស្លាប់ នៅ​វៀតណាម​ភាគ​កណ្តាល ខណៈ​ប្រជា​កសិករ​កំពុង​ប្រញាប់​ប្រញាល់​ជួយ​សង្រ្គោះ​​ដំណាំ និង​បសុសត្វ​នៅ​មុន​អាកាស​ធាតុ​ដ៏​អាក្រក់​កើត​ឡើង​នៅ​សប្តាហ៍​នេះ។

ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បាន​បណ្តាល​ឲ្យ​ជន់​លិច​ខេត្ត​ចំនួន ៦ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​នេះ ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​បណ្តាល​ឲ្យ​គោ​រាប់​ពាន់​ក្បាល និង​មាន់ ងាប់ និង​ធ្វើ​ឲ្យ​ជន់​លិច​ក្រុង​ជាច្រើន​ក្នុង​នោះ​មាន​ទីប្រជុំជន​រមណីយដ្ឋាន ដាណាង​ផង​ដែរ។

ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កម្ពស់​ទឹក​ភ្លៀង​ជាង ៥០ សង់​ទីម៉ែត្រ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ខ្លះ ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​មាន​បន្ត​នៅ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា៖ «មនុស្ស ១៣ នាក់​បាន​ស្លាប់ ខណៈ​ម្នាក់​ផ្សេង​ទៀត បាន​បាត់​ខ្លួន​នៅ​ក្នុង​ខេត្ត Quang Ngai»។

សេចក្តីរាយការណ៍​បន្ត​ថា ដំណាំ​ប្រហែល ១២ ពាន់​ហិកតា​ត្រូវបាន​បំផ្លាញ និង​បសុសត្វ ប្រហែល​ជា ១៦ ម៉ឺនក្បាល បាន​ងាប់។

កសិករ​ម្នាក់​នៅក្នុង​ខេត្ត Quang Nam បាន​និយាយថា លោក បាន​បាត់បង់​មាន់​ជាច្រើន​ក្បាល​នៅ​ក្នុង​ទឹក​ជំនន់ ដោយ​បាន​ធ្វើ​ឲ្យ​លោក​ខាត​បង់​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ។

លោក Nguyen Thanh ដែលត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​កាសែត Tuoi Tre គ្រប់គ្រង​ដោយ​រដ្ឋ​នោះ បាន​និយាយ​ថា៖ «ទឹក​ជំនន់​នោះ បាន​ស្រក​ទៅ​វិញ ប៉ុន្តែ​មាន់​រាប់​ពាន់​ក្បាល​បាន​ងាប់។ យើង​ត្រូវ​តែ​ប្រមូល​មាន់​ងាប់​ទាំង​នោះ​យក​ទៅ​កប់​ចោល​ដោយសារ​ក្លិន​ស្អុយ​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព៕