ក្រុងដាក្កាៈ សហព័ន្ធអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានថ្លែងថា មនុស្សជិត ៦ លាននាក់ នៅទូទាំងអាស៊ីខាងត្បូង គឺស្ថិតនៅក្រោមការគំរាមកំហែងពីទឹកជំនន់កាន់តែខ្លាំងឡើង បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដូវវស្សា ដោយបានបង្កឲ្យមនុស្សជាង ១ លាននាក់ បានរត់ភៀសខ្លួននៅក្នុងរដ្ឋតែមួយគត់របស់ប្រទេស ឥណ្ឌា។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយអង្គការ IFRC កាលពីថ្ងៃអង្គារថា ក្រុមបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅទូទាំងប្រទេស បង់ក្លាដែស ឥណ្ឌា និងនេប៉ាល់ កំពុងតែប្រញាប់ប្រញាល់ដឹកជញ្ជូនសម្ភារផ្គត់ផ្គង់ជាបន្ទាន់ ទៅកាន់សហគមន៍មួយចំនួនត្រូវបានគេរៀបចំនោះ ខណៈស្ថានការណ៍នៅក្នុងតំបន់ជាច្រើនទំនងជាកាន់តែអាក្រក់ខ្លាំងឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
អង្គការ IFRC បានថ្លែងថា មនុស្សមួយចំនួនទំនងជារងផលប៉ះពាល់កាន់តែខ្លាំងឡើង និងកំពុងព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហារ និងជំងឺផ្ទុះឡើងផងដែរ។
លោក Xavier Castellanos ជាប្រធានអង្គការ IFRC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ «យើងកំពុងមើលឃើញមនុស្សរត់ភៀសខ្លួនកាន់តែច្រើនឡើង និងការកើនឡើងនៃការបាត់បង់មុខរបរ ដោយសារតែភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ។ សហគមន៍ទាំងមូលត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់កាន់តែកើនឡើង ដោយបង្កើនហានិភ័យដល់ពលរដ្ឋស្រេកឃ្លាន និងធ្លាក់ខ្លួនឈឺ»។
«រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់យើងនៅពេលបច្ចុប្បន្ន ត្រូវបានផ្តោតទៅលើមនុស្សទាំងអស់នេះ និងការធានាថា ពួកគេបានទទួលជំនួយ និងការគាំទ្រ ដើម្បីទប់ទល់ជាមួយទឹកជំនន់នៅពេលខាងមុខនេះ»។
ភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់នៅរដូវវស្សា បានបង្កឲ្យមនុស្សរត់ភៀសខ្លួន និងស្លាប់យ៉ាងច្រើនជារៀងរាល់ឆ្នាំ នៅទូទាំងអាស៊ីខាងត្បូង។
នៅរដ្ឋអាស៊េមភាគឦសានប្រទេស ឥណ្ឌា មនុស្សជាងមួយលាននាក់បានរត់ភៀសខ្លួន ក្រោយពីទន្លេប្រាម៉ាពូត្រា ដែលទឹកបានហូរចេញពីភ្នំហិមាល័យចូលទៅប្រទេស ឥណ្ឌា បានធ្វើច្រាំងទន្លេបាក់ហូរលាយឡំដោយល្បាប់ភក់ជន់លិចភូមិជាង ៧៤៩ ភូមិ។
នៅនេប៉ាល់ភាគអាគ្នេយ៍ ស្រុកមួយចំនួនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ត្រូវបានជន់លិចនៅក្នុងទឹក និងពិបាកធ្វើដំណើរទៅកាន់កន្លែងកាកបាទក្រហមនោះ។
ចំណែកឯប្រទេស បង់ក្លាដែស ជាប្រទេសមួយក្នុងចំណោមប្រទេស ៣ បានរងគ្រោះដោយទឹកជំនន់ ដោយបានធ្វើឲ្យមនុស្ស ១៤ ពាន់នាក់ រត់ភៀសខ្លួន និងលំនៅឋានជាង ១១ ពាន់ខ្នងរងការបំផ្លាញគ្មានសល់។ ជាងមួយសប្តាហ៍មកនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឲ្យមនុស្សជាង ២០០ នាក់ស្លាប់ ដោយសារបាក់ដីនៅក្រុងបាហ្សារ ជាទីក្រុងមួយនៅបង់ក្លាដែសភាគអាគ្នេយ៍ ដោយបង្ខំឲ្យមនុស្សប្រហែល ៩ សែននាក់ រត់ទៅរស់នៅក្នុងជំរំបណ្តោះអាសន្ន។
លោក Castellanos បានថ្លែងថា៖ «យើងបានដឹងអំពីការរៀបខ្លួនរួចជាស្រេច ដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគេ។ ទាំងនៅក្នុងប្រទេសទាំង ៣ ក្រុមការងារកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានត្រៀមសម្ភារផ្គត់ផ្គង់នៅពេលភ្លៀងធ្លាក់ខាងមុខ ដូច្នេះក្រុមបុគ្គលិកស័្មគ្រចិត្ត អាចដឹកស្បៀងអាហារផ្គត់ផ្គង់ឲ្យបានឆាប់រហ័ស ដែលជំនួយដំបូង គឺទឹកស្អាត សម្រាប់បរិភោគ ទីជម្រកបណ្តោះអាសន្ន និងសម្ភារអនាម័យ នឹងដឹកទៅកាន់សហគមន៍ដែលរងផលប៉ះពាល់នោះ»៕ Xinhua/SK