ក្រុង​គុ​ម៉ា​ណូៈ ក្រុម​សាច់ញាតិ​ដែល​អស់សង្ឃឹម បានទទួល​ព័ត៌មាន​ដ៏​អាក្រក់​នៅ ថ្ងៃ​ចន្ទ ខណៈ​ដែល​ក្រុម​ជួយ​សង្រ្គោះ បាន​ជីក​កកាយ​រក​មនុស្ស​បាត់​ខ្លួន​នៅ​ក្នុង​ដី​បាក់ ក្រោយ​ពី​ទឹក​ជំនន់​ដ៏​ខ្លាំងក្លា ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ១០០ នាក់​ស្លាប់ នៅ​ភាគ​កណ្តាល និង​ភាគ​ខាង​លិច​នៃ​ប្រទេស​ជប៉ុន​ត្រូវ​លិច​ទឹក​ទាំង​ស្រុង។

ខណៈ​ទឹកបាន​ស្រក​ទៅវិញ ក្រុម​អ្នកធ្វើការងារ​សង្គ្រោះបន្ទាន់ អាច​ទៅដល់​កន្លែង​ដែល​ត្រូវបាន​កាត់​ផ្តាច់​ជាទី​ដែល​ក្រុម​អាជ្ញាធរ និយាយ​ថា ពួកគេ​អាច រកឃើញ​សាកសព​បន្ថែមទៀត​នៅក្នុង​បំណែក​ផ្ទះ​បាក់បែក ដែល​ត្រូវ​បំផ្លាញ​ដោយ​ភក់ និង​កម្ទេច​ថ្ម។

ក្រុម​អ្នក​ជួ​យសង្រ្គោះ បាន​និយាយថា នៅមាន​លទ្ធភាព​រកឃើញ​អ្នក​ដែល​នៅរស់ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា មាន​សង្ឃឹម​តិចតួច។

ទាហាន​ម្នាក់ នៅ​កន្លែងកើតហេតុ​នោះ បាន​ប្រាប់ AFP ថា វា​មាន​រយៈពេល ៣ ថ្ងៃ​ហើយ ប៉ុន្តែ​នៅ​មាន​លទ្ធភាព អាច​រក​ឃើញ​អ្នក​នៅ​រស់​ថែម​ទៀត។

កាលពី​ចុង​សប្តាហ៍​មុន ទឹកភ្លៀង បានធ្វើ​ឲ្យ​ទឹកទន្លេ​ឡើង​ជាង ១ ម៉ែត្រ បណ្តាល​ឲ្យ​ច្រាំងទន្លេ​បាក់ ជន់​លិច​លង់​ភូមិ​ជាច្រើន ហើយ​បង្ខំ​ឲ្យ​ប្រជាជន​ឡើង​លើ​ដំបូល​ផ្ទះ​ដើម្បី​រង់ចាំ​ការ​ជម្លៀស​ដោយ​ឧទ្ធម្ភាគចក្រ។

​​ទិ​ដ្ឋ​ភាពទូ​ទៅនៃផ្ទះ​​រា​ប់សិបខ្នង​ត្រូវ​​​លិចទឹក​ជំនន់​​នៅ​ក្នុង​​ក្រុង​ Kurashiki នៃ​ខេត្ ត​Okayama កាលពីថ្ងៃទី​៨​ខែកក្កដា ឆ្នាំ​ ២០១៨។ AFP

ជើងភ្នំ​ជាច្រើន​ត្រូវ​ទឹក​លិច​ហើយ​បាក់​ដី​បាន​បណ្តាល​ឲ្យ​ផ្ទះ​ឈើ​ជាច្រើន​ខ្នង ដួលរលំ​និង​ផ្លូវថ្នល់​ជាច្រើន​បាក់​ស្រុត​ខូច​ទាំង​ស្រុង។

រដ្ឋាភិបាល បាន​ថ្លែងថា​មនុស្ស​យ៉ាងតិច ១០០ នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​នៅ​បាត់​ខ្លួន ហើយ​ចំនួន អ្នក​ស្លាប់ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ថែម​ទៀត។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក Yoshihide Suga បាន​ថ្លែងថា ប៉ូលិស ៧៣០០០ នាក់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​ទាហាន បាន​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​សង្រ្គោះ​​នេះ ដោយ​ឧទ្ធម្ភាគចក្រ ៧០០ គ្រឿង ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ៕