ក្រុងអូតាវ៉ា៖ លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ កាលពីថ្ងៃចន្ទបានថ្លែងថា ជនរងគ្រោះនៃយន្តហោះដឹកអ្នកដំណើរដែលអ៊ីរ៉ង់បាញ់ទម្លាក់នឹងនៅមានជីវិតប្រសិនបើមិនមានភាពតានតឹងថ្មីៗ ដែលមួយផ្នែកបង្កឡើងដោយអាមេរិកនោះ។
យោងតាមរបាយការណ៍ដែលត្រូវបានគេចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយដទៃទៀត បានឲ្យដឹងថា លោក ទ្រូដូ បានថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Global ថា៖ «ខ្ញុំគិតថាប្រសិនបើគ្មានភាពតានតឹងកាន់តែកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់នាពេលថ្មីៗនេះទេ ជនជាតិកាណាដាទាំងអស់នោះ ឥឡូវនេះនឹងនៅជាមួយគ្រួសាររបស់ពួកគេទៅហើយ»។
លោកបន្ថែមថា សហគមន៍អន្តរជាតិ ពិតជាយល់ច្បាស់អំពីការត្រូវការមានប្រទេស អ៊ីរ៉ង់ គ្មាននុយក្លេអ៊ែរ និងចាំបាច់ត្រូវគ្រប់គ្រងភាពតានតឹងនៅក្នុងតំបន់ ដែលត្រូវមានវិធានការនានារបស់អាមេរិកនោះ។
យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលភ្លាមៗ ក្រោយពីហោះឡើងចេញទីក្រុងតេអេរ៉ង់ នៅមុនថ្ងៃរះកាលពីថ្ងៃពុធសប្តាហ៍មុន ដោយបានបណ្តាលឲ្យអ្នកជិះ ១៧៦ នាក់ នៅក្នុងយន្តហោះនោះស្លាប់ទាំងអស់។
តាមរបាយការណ៍របស់ក្រុងអូតាវ៉ាមនុស្សចំនួន ៥៧ នាក់ នៃអ្នកដំណើរទាំងអស់នៅក្នុងយន្តហោះនោះ គឺជាពលរដ្ឋកាណាដាដែលភាគច្រើនក្នុងចំណោមពួកគេមានសញ្ជាតិ ២។
ភាពតានតឹងអាមេរិក-អ៊ីរ៉ង់យូរហើយ បានកើនឡើងកម្តៅខ្លាំង ចាប់តាំងពីថ្ងៃទី ៣ ខែមករា នៅពេលដែលមីស៊ីលជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីយន្តហោះដ្រូនអាមេរិកមួយគ្រឿង បានបណ្តាលឲ្យមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ លោក ហ្គាស៊ី សូឡេម៉ានី ស្លាប់នៅក្បែរព្រលានយន្តហោះក្រុងបាកដាដ។
អ៊ីរ៉ង់បានឆ្លើយដោយបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាមេរិក ២ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយមិនបង្កឲ្យមានអ្នកស្លាប់ ឬរបួសទេ ជាអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចប្រឹងប្រឹងមួយដើម្បីទប់ស្កាត់មិនឲ្យភាពតានតឹងកើតឡើង។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកកងការពារបដិវត្តន៍អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយការភាន់ច្រឡំ ជាអ្វីដែលលោកប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី ហៅថាជាកំហុសរបស់មនុស្ស។
លោក ទ្រូដូ ក៏បានថ្លែងថា លោកបានដឹងសារនោះយ៉ាងច្បាស់ពីក្រុង វ៉ាស៊ីនតោនអំពីការវាយប្រហារដ្រូនទៅលើលោក សូឡេម៉ានី។
កាលពីចុងសប្តាហ៍ លោក ទ្រូដូ បានទាមទារថា ប្រទេស អ៊ីរ៉ង់ គួរបានផ្តល់ឲ្យប្រទេស កាណាដា នូវការបញ្ជាក់យ៉ាងច្បាស់អំពីការបាញ់ទម្លាក់យន្តហោះនោះ។
លោកប្រធានាធិបតី ហាស្សាន រូហានី បានសារភាពកាលពីព្រឹកថ្ងៃសៅរ៍ថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលអ៊ីរ៉ង់ដោយការភាន់ច្រឡំ៕ AFP/PSA