ក្រុង​​តូក្បូ៖ ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ ស៊ីនហ្សូ ​អាបេ​ កាល​ពី​ថ្ងៃ​ពុធ​បាន​ថ្លែង​ថា ​ប្រទេស ​ជប៉ុន​ មិន​ទាន់​ដល់​ចំណុច​ ដែល​ចាំបាច់​ត្រូវ​បាន​ប្រកាស​អាសន្ន ​ជុំវិញ​ជំងឺ​កូវីដ ​១៩ ​ទេ​ ថ្វី​បើ​ចំនួន​នៃ​ករណី​ឆ្លង​បន្ត​កើន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ក្តី​។

ដោយ​ថ្លែង​នៅ​ក្នុង​ជំនួប​ព្រឹទ្ធសភា​អំពី​បញ្ហា​នេះ ​មេ​ដឹកនាំ​ជប៉ុន​រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​​ថា ​ប្រសិន​នៅ​ពេល​ដែល​ការ​សម្រេច​ចិត្ត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នោះ ​វា​នឹង​ត្រូវ​ដូច្នេះ ​ដោយ​ផ្អែក​ទៅ​លើ​ការ​ផ្តល់​អាទិភាព​ដល់​ជីវិត​របស់​ប្រជាជន​ និង​សុខភាព​របស់​សាធារណ​ជន​។ ​

ខណៈ​ដែល​អភិបាល​ក្រុង​តូក្យូ​លោកស្រី​ ​យូរីកូ ​គយកេ ​បាន​ស្នើ​ឲ្យ​លោក​ អាបេ​ សម្រេច​ចិត្ត​ថា​ តើ​ត្រូវ​ប្រកាស​អាសន្ន​ដែរ ​ឬ​យ៉ាង​ណា​ ខណៈ​ករណី​ឆ្លង​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានី​នេះ​បាន​បន្ត​កើន​ឡើង​នោះ? ​លោក ​ស៊ីនហ្សូ ​អាបេ ​បាន​ថ្លែង​ថា ​ក្នុង​គ្រា​នេះ ​អភិបាល​ខេត្ត​ទាំង​អស់​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណើ​សុំ​ពី​ប្រជាពលរដ្ឋ​របស់​ពួក​គេ​ ហើយ​ចេញ​បញ្ជា​ចុះ​។

លោកស្រី​​ គយកេ ធ្លាប់​និយាយ​ថា​ក្រុង​តូក្យូ​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​គ្រោះ​ថ្នាក់ ​ហើយ​ដោយសារ​ស្ថានការណ៍​បែប​នេះ​ រដ្ឋាភិបាល​កណ្តាល​ចាំបាច់​ត្រូវ​សម្រេច​ចិត្ត​អំពី​ការ​ប្រកាស​ និង​ចេញ​បិទ​ទូទាំង​ក្រុង​ជា​សក្តានុពល​។

ការ​ថ្លែង​របស់​លោក ​អាបេ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹទ្ធសភា​នៅ​តែ​អាច​មើល​ឃើញ​លោកស្រី គយ​កេ ​ពង្រីក​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​នៅ​ក្នុង​ក្រុង​នេះ ​បន្ទាប់​ពី​សំណើ​របស់​លោកស្រី​ កាល​ពី​ចុង​​សប្តាហ៍​សុំ​ឲ្យ​ប្រជាជន​ស្នាក់នៅ​ក្នុង​ផ្ទះ​ ហើយ​លោកស្រី​ បន្ត​ការ​អំពាវនាវ​ឲ្យ​ប្រជាជន​ធ្វើ​ការ​ពី​ផ្ទះ​ និង​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​នៅ​ពេល​ល្ងាចៗ​ទេ​។ ​​​​​

រួម​ជាមួយ​ក្រុង​តូក្យូ​នោះ ​ក្រុង​អូសាកា​ បាន​ចាត់​ទុក​ក្លិប​រាត្រី ​និង​កន្លែង​កម្សាន្ត​នៅ​ពេល​យប់​​ថា​ជា ​កន្លែង​​ចម្លង​ជំងឺ​កូវីដ​ដ៏​មាន​សក្ដានុពល ​ដោយ​លោក​ យូស៊ីមូរ៉ា ​ហ៊ីរ៉ូហ្វូមី ​អភិបាល​ក្រុង​អូសាកា ​ថ្លែង​ថា ជំងឺ​នេះ​អាច​ឆ្លង​យ៉ាង​ឆាប់​រហ័ស៕ Xinhua/PSK