ក្រុង​បាងកកៈ​ អនុប្រធាន​មេ​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ លោក​ នីបផន-ប៊ូននីយ៉ាម៉ាន់នី ​បាន​ថ្លែង​កាល​ពី ថ្ងៃ​ពុធ​ថា​ គណបក្ស​របស់​លោក​ បាន​ទទួល​ការ​អះអាង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ប្រាយុធ​ ចាន់-​អូចា ​ថា​ ពួក​គេ​នឹង​ទទួល​បាន​តំណែង​រដ្ឋមន្ត្រី ​៨​ ដែល​ពួក​គេ​បាន​ស្នើសុំ​។​

លោក​ នីបផន​ បាន​បញ្ជាក់​អះអាង​ក្រោយ​ពី​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ​ចាន់-អូចា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​បាន​ចាប់​ផ្តើម​ពិភាក្សា​ជាមួយ​ដៃគូ​ក្រុម​ចម្រុះ​ ជុំវិញ​ការ​បែង​ចែក​តំណែង​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​​។​

លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ ចាន់-អូចា ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ដោយ​​បាន​បន្ថែម​ថា​ ចំណែក​លោក​មាន​សិទ្ធិ​សម្រេច​ថា តើ​នរណា នឹង​​បាន​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​​ ហើយ​លោក ​ប្រាយុធ ​ចាន់-​អូចា ​ត្រូវ​តែ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ដៃគូ​ចម្រុះ​ទាំង​នោះ​។

លោក ​ប្រាយុធ​ ចាន់​-អូ​ចា​ បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ឯកតោ​ភាគី​ដូច​កាល​ពី​មុន​បាន​​ទេ។ ​ខ្ញុំ​មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ​ជា​មួយ​ពួក​គេ​ទៀត​នោះ​ទេ ​(ក្រុម​ដៃគូ​ចម្រុះ​)​។​ ប្រសិន​បើ​យើង​មិន​សហការ​គ្នា​នោះ​ យើង​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​រលូន​​ទេ​»​ ដោយ​​បាន​បន្ថែម​ថា ​ក្រុម​រដ្ឋមន្ត្រី​ទាំង​នោះ ​ភាគ​ច្រើន​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​សមាជិក​សភា​ជាប់​ឆ្នោត​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ថា តើ​លោក​នឹង​កាន់​តំណែង​​រដ្ឋមន្ត្រី​ការពារ​ជាតិ ដែរ​ឬយ៉ាងណា?​ BKP/SK