ក្រុង​ឡុងដ៍ៈ ​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ បូរីស​ ចនសុន ​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ ចាប់​ពី​ការ​ដោះស្រាយ​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប ​(Brexit)​ ស្រប​ពេល​មាន​ភាព​ប្រាកដ​​ប្រជា​ដែល​កំពុង​កើន​ឡើង​ រហូត​ដល់​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ភូមិ​សាស្ត្រ​ជាមួយ​​អ៊ីរ៉ង់។​

បញ្ហា​ចម្បងៗ​ដែល​មេ​ដឹកនាំ​អង់គ្លេស​ថ្មី​ប្រឈម​ ខណៈ​លោក​ចូល​ទៅ​វិមាន ​Downing Street មាន​ដូច​តទៅ៖

-Brexit: ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ដែល​ជាប់​គាំង​របស់​អង់គ្លេស​ ​បាន​បង្ខំ​ឲ្យ​អ្នក​កាន់​តំណែង​មុន​របស់​លោក ​ចនសុន ​គឺ​លោកស្រី ​ថេរ៉េសា ម៉េ​ ចុះ​ពី​តំណែង ​គឺ​ជា​បញ្ហា​បន្ទាន់​បំផុត​ដែល​លោក ​ចនសុន ប្រឈម​នៅ​ថ្ងៃ​ទី១​។​

លោក​បាន​ប្តេជ្ញា​ធ្វើ​ការ​ចរចា​ជា​ថ្មី​អំពី​កិច្ច​ព្រមព្រៀង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ដែល​លោកស្រី ម៉េ​ សម្រេច​​បាន​ជាមួយ​ក្រុង​ប្រ៊ុចសែល​នោះ។ ​​

បាតុករ​​​​តវ៉ា​ប្រឆាំង​​​បេក្ខជន​បក្ស​អភិរក្ស​លោក ចនសុន ជួបជុំ​ក្រៅ​វិមាន ​Downing Street។ AFP

-ការ​គាំទ្រ​ពី​សភា:​ គណបក្ស​អភិរក្ស​របស់​លោក ​ចនសុន ​មិន​មាន​​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ និង​ពឹង​ផ្អែក​លើ​ការ​រៀបចំ​ជាមួយ​បក្ស​សមាជិក​សហជីព​ប្រជាធិបតេយ្យ​របស់​អៀរឡង់​ខាង​ជើង​ ​(DUP) ​ដើម្បី​អនុម័ត​ច្បាប់​ និង​រក្សា​កាន់​តំណែង​។

-វិបត្តិ​អ៊ីរ៉ង់ៈ ​លោក ​បូរីស​ ចនសុន ​ឡើង​កាន់​តំណែង​ខណៈ​ទំនាក់​ទំនង​ជាមួយ​ប្រទេស ​អ៊ីរ៉ង់ ​ស្ថិត​ក្នុង​​​​ស្ថានភាព​តានតឹង​ឡើង​កម្តៅ​ខ្ពស់​ស្រប​ពេល​មាន​ភាព​មិន​ចាញ់​មិន​ឈ្នះ​រវាង​ប្រទេស​ទាំង​ពីរ​ជុំវិញ​ការ​ចាប់​​​ និង​ឃាត់​ទុក​នាវា​ដឹក​ប្រេង​ជា​ច្រើន​គ្រឿង​នោះ​។ ​

កង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់ ​បាន​ចាប់​នាវា​ដែល​មាន​ទង់ជាតិ​អង់គ្លេស​នៅ​ក្នុង​ច្រក​សមុទ្រ​ Hormuz កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ជា​ការ​សងសឹក​ចំពោះ​ក្រុម​អាជ្ញាធរ​អង់គ្លេស​ ដែល​ចាប់ ​និង​ឃាត់​នាវា​អ៊ីរ៉ង់​មួយ​គ្រឿង​នៅ​ក្នុង​មហា​សមុទ្រ​មេឌីទែរ៉ាណេ ​កាល​ពី​ថ្ងៃ​ទី ៤​ ខែ ​កក្កដា។

-ភាព​មិន​ប្រាកដ​ប្រជា​​ផ្នែក​សេដ្ឋកិច្ចៈ​ លោក ​ចនសុន ​ទទួល​ខុស​ត្រូវ​​ជាមួយ ​និង​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​​ដែល​ត្រូវ​បាន​ព្យាករថា​ ធ្លាក់​ចុះ ​ហើយ​សេដ្ឋកិច្ច​អង់គ្លេស​ដែល​បង្ហាញ​ថា​ កំណើន​យឺត​ស្រប​ពេល​​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​តែ​បន្ត​ និង​ការ​ចាក​ចេញ​ពី​ EU ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​ដដែល​។

ការ​ព្យាករ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល ​បាន​ព្រមាន​កាល​ពី​សប្តាហ៍​មុន​ថា ​ប្រទេស​នេះ ​នឹង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល ​២ ​ឆ្នាំ ​ប្រសិន​បើ​ចាកចេញ​ពី​ប្លុក​នេះ​ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​នោះ​៕ AFP/PSA ​​​​