ក្រុងហ្ស៊េរុយសាឡិមៈ ការិយា​ល័យ​របស់លោក បាន​ឲ្យ ដឹងថា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេនចាមីន នេតានី​យ៉ាហ៊ូ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ជួប​ជាមួយ​ប្រេសិត​ពិសេស​អាមេរិក ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អ៊ីរ៉ង់ និង​ស៊ីរី។

លោ​កនេ​តានី​យ៉ា​ហ៊ូ បាន​ពិភាក្សា​អំពី​ស្ថានការណ៍​នៅក្នុង​ប្រទេស​ស៊ី​រី និង​កិច្ច​ប្រឹង​ប្រែង​រួម​ដើម្បី​បញ្ឈប់​អំពើ​ភេរវកម្ម និង​ការ​ឈ្លាន​ពាន​របស់​អ៊ីរ៉ង់​ជាមួយ​ប្រេសិត​ពិសេស US លោក James Jeffrey។

នៅមុន​ទស្សនកិច្ច​មួយ​នេះ​ក្រសួងការបរទេស​អាមេរិក​បាន​ឲ្យ​ដឹងថា លោក Jeffrey ដែល​ត្រូវ​បាន​អម​ដំណើរ​ដោយ​ប្រេសិត​ពិសេស​របស់​អាមេរិក​ប្រចាំ​នៅ​ស៊ីរី​លោក Joel Rayburn នឹង​ពិភាក្សា​អំពី​ការ​រក្សា​សន្តិសុខ​អ៊ីស្រាអែល ខណៈ​ប្រឈម​ជាមួយ​នឹង​សកម្មភាព​បង្ក​អស្ថិរភាព​របស់​អ៊ីរ៉ង់​នៅ ទូទាំង​តំបន់​នេះ។

ក្រសួងការបរទេស​នោះ បាន​ឲ្យ​ដឹងថា លោក Jeffrey និងលោក Rayburn នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្ស៊កដានី​និង​តួកគី ជាទី​ដែល​ពួកគេ​នឹង​លើក​ឡើង​ពី​គោល​ជំហរ​របស់​អាមេរិក ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​យោធា​នៅ​ក្នុង​ខេត្ត​អ៊ីដលីប។

យោងតាម​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹងថា លោក​ទាំង២នឹង​ដោះស្រាយ​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​របស់​រុស្ស៊ី ចំពោះ​ផែនការ​របស់​អន្តរជាតិ​ដើម្បី​ធ្វើការ​វាយ​ប្រហារ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ក្នុង​ជំនួប​របស់​ពួកគេ នៅ​ទូទាំង​តំបន់។ អ៊ីរ៉ង់​បាន​និង​កំពុង​គាំទ្រ​ប្រធានា​ធិបតី​ស៊ីរី​បាសារ​អាល់​អាសាដ នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នោះ៕