ក្រុងហ៊្សេរុយសាឡិមៈ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតានីយ៉ាហ៊ូ បានព្រមានកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល «អាចហោះទៅគ្រប់កន្លែងទាំងអស់នៅមជ្ឈិមបូព៌ា ក្នុងនោះមានប្រទេស អ៊ីរ៉ង់ ផងដែរ នេះជាសម្តីថ្មីបំផុតរបស់លោក សំដៅគូសត្រូវស្លាប់រស់របស់ប្រទេសលោក គឺអ៊ីរ៉ង់។
នៅក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស ១ កន្លែង ជាទីដែលលោក បានដើរត្រួតពិនិត្យមើលយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិកឈ្មោះ Lockheed Martin លោក នេតានីយ៉ាហ៊ូ បានចេញឃ្លីបវីដេអូ ១ ដោយមានយន្តហោះចម្បាំង ១ ក្នុងចំណោមជាច្រើនគ្រឿងនៅពីក្រោយខ្នងរបស់លោក។
លោក នេតានីយ៉ាហ៊ូ ស្ថិតនៅមូលដ្ឋានទ័ពអាកាសនីវ៉ាទីមនៅអ៊ីស្រាអែលភាគខាងត្បូង បានថ្លែងថា៖ «កាលពីពេលថ្មីៗនេះ អ៊ីរ៉ង់បានគំរាមកំហែងបំផ្លាញប្រទេស អ៊ីស្រាអែល ឲ្យខ្ទេច» ។
«យន្តហោះនេះ អាចបំពេញតួនាទីបានយ៉ាងល្អ ហើយខ្ញុំសូមរំឭកថា យន្តហោះចម្បាំងទាំងនេះ អាចហោះទៅដល់គ្រប់កន្លែងទាំងអស់នៅមជ្ឈិមបូព៌ា នៅក្នុងនោះក៏មានប្រទេសអ៊ីរ៉ង់ និងស៊ីរីផងដែរ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតានីយ៉ាហ៊ូ បានធ្វើសេចក្តីថ្លែការណ៍ជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេស អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ៕ AFP/SK