ក្រុង​បាងកកៈ ​គណបក្ស​ប្រជាធិបតេយ្យ បាន​សម្រេច​ចិត្ត​ចូលរួម​រដ្ឋាភិបាល​ចម្រុះ​ ដែល​ដឹកនាំ​ដោយ​បក្ស ​ផាឡាំង​ ប្រាឆារ៉ាត់​ (PPRP) ​ក្រោយ​ពី PPRP បាន​ផ្តល់​​តំណែង​រដ្ឋមន្ត្រី​កសិកម្ម​ និង​ពាណិជ្ជកម្ម​ឲ្យ​បក្ស​នេះ ​ខណៈ​ទទួល​យក​ការ​ទាមទារ​របស់​ខ្លួន​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​។

ក្រោយ​ពី​ការ​ជជែក​ដេញដោល​យ៉ាង​ផុសផុល​រយៈពេល​ ​៥ ម៉ោង ​កាល​ពី​ថ្ងៃ​អង្គារ ​ជំនួប​នៃ​ក្រុម​នាយក​ប្រតិបត្តិ​បក្ស​ប្រជាធិបតេយ្យ ​និង​សមាជិក​សភា​ត្រូវ​បាន​សម្រេច​ដោយ​ការ​បោះ​ឆ្នោត​ ដែល​មាន​សំឡេង​គាំទ្រ ​៦១ ​សំឡេង ​ទល់​នឹង ​១៦ ​សំឡេង ​អនុបវាទ ​២ ​សំឡេង​ ដើម្បី​ចូលរួម​រដ្ឋាភិបាល​​ចម្រុះ​ដឹក​នាំ​ដោយ​បក្ស ​PPRP។

ដោយ​ថ្លែង​ក្រោយ​ពី​ជំនួប​នោះ​ មេ​ដឹកនាំ​​បក្ស​ប្រជាធិបតេយ្យ​ លោក Jurin Laksanavisit ​បាន​បញ្ជាក់​​ថា​ គណបក្ស​ប្រជាធិបតេយ្យ បាន​សម្រេច​ចិត្ត​ចូលរួម​ជា​គណបក្ស​ចម្រុះ​ដឹកនាំ​ដោយ​បក្ស ​PPRP​ ក្រោយ​ពី​ការ​ទាមទារ​របស់​គណបក្ស​នេះ​ត្រូវ​បាន​គេ​ឯកភាព។

លោក​ Jurin បាន​ថ្លែង​ថា លក្ខខណ្ឌ​មុន​បាន​រាប់​បញ្ចូល ការ​ដាក់​បញ្ចូល​គោល​នយោបាយ​បក្ស​ទៅ​លើ​ការ​ធានា​ប្រាក់​ចំណូល​សម្រាប់​កសិករ​ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។

លោក Jurin បាន​ថ្លែង​ទៀត​ថា៖ «​យើង​បាន​ដឹង​ថា មធ្យោបាយ​ណា​ក៏​ដោយ ក៏​យើង​បាន​សម្រេច​ចិត្ត​រួច​ដែរ ​ហើយ​យើង​ក៏​នឹង​​ត្រូវ​រង​ការ​រិះគន់​ដែរ​។ ដូច្នេះ​យើង​ត្រូវ​ជ្រើសរើស​យក​ ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ ​ដើម្បី​បញ្ចប់​ភាព​មិន​ប្រាកដប្រជា​ និង​ភាព​ជាប់​គាំង​នយោបាយ​៕ BKP/PSA​