ក្រុង​បាហ្សារៈ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ក្រុម​អាជ្ញាធរ​បង់ក្លាដែស ​បាន​ឃាត់​ខ្លួន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ៨៤ នាក់ ​មក​ពី​ប្រទេស ​មីយ៉ាន់ម៉ា មិន​​ឲ្យ​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កាន់​ប្រទេស ​ម៉ាឡេស៊ី​។

ប៉ូលិស​នៅ​តំបន់​ Pekua​ បាន​និយាយ​ថា ​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​មក​ពី​ជំរំ​ Kutupalong​ ជា​កន្លែង​តាំង​ទីលំនៅ​ជន​ភៀស​ខ្លួន​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក ​ត្រូវ​បាន​ឃាត់​ខ្លួន​ ខណៈ​ពួក​គេ​ បាន​រង់ចំា​ជិះ​ទូក​នេសាទ​ ដើម្បី​ឆ្លង​ទៅ​ប្រទេស ​ម៉ាឡេស៊ី​។

នៅ​ក្នុង​ចំណោម​ពួក​គេ ​មាន​ស្ត្រី ​៣១ នាក់ ​និង​ក្មេង​ ១៥ ​នាក់​។

នៅ​លើ​កោះ​Saint Martin ​ជា​កោះ​តូច​មួយ​នៅ​ឈូង​សមុទ្រ​បេងហ្គាល​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ប្រទេស​នេះ​ បាន​ឃាត់​ខ្លួន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ​១៧ ​នាក់​ផ្សេង​ទៀត​ និង​អ្នក​ជួញ​ដូរ​មនុស្ស ​៥ ​នាក់​ ​នៅ​មុន​ពេល​ពួក​គេ​ឡើង​ជិះ​ទូក​នេសាទ ​១ គ្រឿង​។

លោក​ Fayezul Islam Mondol ជា​មេ​បញ្ជា​ការ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ក្នុង​តំបន់​បាន​និយាយ​ថា​ ពួក​គេ​បាន​ធ្វើ​ដំណើរ​ផ្សង​គ្រោះ​ថ្នាក់​បំផុត​។

ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤ ​ម៊ឺន​នាក់ ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស ​មីយ៉ាន់ម៉ា ​ទៅ​កាន់​ប្រទេស ​បង់ក្លាដែស ​ចាប់​តាំង​ពី​ការ​បង្ក្រាប​របស់​យោធា​ បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែ ​សីហា​ ឆ្នាំ ​២០១៧​។​

ពួក​គេ​បាន​ចូល​រួម​ជា​មួយ​ជន​រ៉ូហ៊ីងយ៉ា​ ​៣០ ​ម៊ឺន​នាក់​ផ្សេង​ទៀត ​ដែល​បាន​រស់​នៅ​ក្នុង​ជំរំ​ដែល​មាន​មនុស្ស​យ៉ាង​កកកុញ​នៅ​ក្នុង​តំបន់​បាហ្សារ ​បន្ទាប់​ពី​ពួក​គេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​នៅ​ប្រទេស ​មីយ៉ាន់ម៉ា​នោះ​។ ​​

ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់ ​បាន​ព្យាយាម​រត់​ភៀស​ខ្លួន​​ចេញ​ពី​ជំរំ​ក្នុង ​១ ឆ្នាំៗ ​ដើម្បី​ស្វែង​រក​ឱកាស​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដូច​ជា​នៅ​ប្រទេស ​ម៉ាឡេស៊ី​ និង​ថៃ ​ជា​ដើម​។

ជា​រឿយៗ​ពួក​គេ បាន​ចំណាយ​លុយ​ដែល​គេ​សន្សំ​ ដើម្បី​ធ្វើ​ដំណើរ​ផ្សង​គ្រោះ​ថ្នាក់​ដោយ​ជិះ​ទូក​នេសាទ​តូចៗ​ដែល​ពួក​គេ​ជឿ​ថា​ ពួក​គេ​នឹង​មាន​ជីវភាព​ល្អ​ប្រសើរ​៕ AFP/PSA