ក្រុង​ប៉ារីស៖ ​បាតុករ​ជាង​ ១០០ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ឯ​កន្លែង​តវ៉ា​របស់​ក្រុម​អាវ​កាក់​ពណ៌​លឿង​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​កាល​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ដែល​​ប៉ូលិស​ប្រហែល ​៧ ៥០០ ​នាក់​ ​ត្រូវ​បាន​ដាក់​ពង្រាយ ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ជាមួយ​ក្រុម​ចលនា​អនាធិបតេយ្យ​ជ្រុល​និយម​ ឬ​ហៅ​ថា​ ក្រុម ​(​black blocs​) ​នោះ​។​

ក្រុម​អាជ្ញាធរ​បាន​ថ្លែង​ថា ​ក្រោយ​ពី​ការ​ដង្ហែ​ក្បួន​លើក​ដំបូង​ជាមួយ​ក្រុម​អាវ​កាក់​ពណ៌​លឿង​នោះ​ ក្រុម​អ្នក​តវ៉ា​ជ្រុល​និយម​ប្រហែល ​១ ០០០ ​នាក់​ បាន​ចូលរួម ដង្ហែ​ក្បួន​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​ទៀត​ ​ប្រឆាំង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ជា​ទី​ដែល​ពួក​គេ ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជា​ច្រើន​លើក​ជាមួយ​ប៉ូ​លិស​។​

អគារ​ធនាគារ ​២ ​ត្រូវ​បាន​ខូចខាត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ នៅ​ក្នុង​នោះ​មាន​ម៉ូតូ​វ៉ែ​ស្ប៉ា​បង្អួច ​និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​ជា​ច្រើន​ផ្សេង​ទៀត​។ ​​សកម្មជន​ខ្លះ​ បាន​សាងសង់​រនាំង​បិទ​ផ្លូវ​បណ្តោះ​អាសន្ន​ជា​ច្រើន​កន្លែង​ ដែល​បន្ទាប់​មក​ពួក​គេ​ បាន​ដុត​វា​ឲ្យ​ឆេះ​។​

​ប៉ូលិសជួយ​​​ស្រ្តីមា្នក់​​ដែ​ល​កំពុងស្រែកយំនិង​​យួរ​​អីវ៉ា​ន់ ខណៈប៉ូលិ​ស​ប្រើឧស្ម័​ន​បង្ហូរទឹក​ភ្នែក​ប្រឆាំងអ្នកតវ៉ា​។​ AFP

ក្រុម​អ្នក​រៀបចំ​ដង្ហែ​ក្បួន​នៃ ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​តវ៉ា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​ ដែល​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​​ការ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​ដំបង​ឆក់​ផង​នោះ​។​

ចលនា​អាវកាក់​ពណ៌​លឿង​ បាន​ផ្ទុះ​ធ្វើ​បាតុកម្ម​អស់​រយៈពេល ​១០ ​ខែ​មក​នោះ​ ហើយ​បាន​វាយ​ប្រហារ​លោក​ប្រធានាធិបតី​អេម៉ានុយ​អែល​ ម៉ាក្រុង​ ដែល​ក្រុម​អ្នក​តវ៉ា ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​​តម្រូវ​ការ​ របស់​ប្រជាជន​​សាមញ្ញ​។​

ស្ត្រី​អ្នក​តវ៉ា​ម្នាក់ ​ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ថា​៖ «​យើង​កំពុង​ប្រមូល​ផ្តុំ​គ្នា​គ្រាន់​តែ​ចង់​បញ្ចេញ​មតិ​ថា​ យើង​មិន​អាច​​​រក​ចំណូល​បាន​គ្រប់គ្រាន់​ដើម្បី​​​ទិញ​សម្ភារ​ដែល​ត្រូវ​ការ​ទេ​»។ (​ការ​តវ៉ា​) ​នេះ​មិន​មែន​គ្រាន់​តែ​ប្រឆាំង​លោក​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ​នោះ​ទេ​ ​ថែម​ទាំង​​ជា​ការ​ប្រឆាំង​ប្រព័ន្ធ​គ្រប់គ្រង​​​ទៀត​ផង​»​។​

ប៉ូលិស​​ប្រឆាំ​ងកុបកម្ម​ ​ឈរ​​នៅ​លើផ្លូវមួយនៅក្នុងអំឡុង​ការជួប​​ជុំ​​ប្រឆាំង​រដ្ឋា​ភិបាល​«ចលនាអា​វកាក់ពណ៌លឿង​»។

ក្រុម​ផ្សេង​ទៀត​ បាន​ប្រកាស​បដិសេធ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​ថា​ គឺ​ជា​ការ​បង្ក្រាប​ជ្រុល​ហួស​ហេតុ​ដោយ​ក្រុម​កងកម្លាំង​សន្តិសុខ​ទាំង​នោះ​។​

អ្នក​តវ៉ា​​ម្នាក់​ឈ្មោះ​ Pierre ​ដែល​ភ្នែក​របស់​លោក​ឡើង​ក្រហម​ដោយសារ​តែ​ត្រូវ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​បាន​និយាយ​ថា​៖ «​នេះ​ គឺ​ជា​ឋាន​នរក​ យើង​មាន​គ្នា​តិច​ជាង ​១០០ ​នាក់​ប៉ុណ្ណោះ​ ហើយ​ប៉ូលិស​ចាប់​ខ្លួន​ពួក​គេ​។ ​នោះ ​គឺ​លោក​ David ​ប្រឆាំង​នឹង​លោក ​Goliath​»​។​

ការ​​តវ៉ា​​រៀង​រាល់​សប្តាហ៍​ ថ្ងៃ​សៅរ៍​ គឺ​ជា​លើក​ទី ​៤៥​ បាន​ជំរុញ​ឲ្យ​លោក ​ម៉ាក្រុង ​បន្ធូរបន្ថយ​ការ​ដំឡើង​ពន្ធ​របស់​រដ្ឋ​ ដើម្បី​កាត់​បន្ថយ​ទឹក​ប្រាក់​ជិត ​១៧ ​ពាន់​លាន​អឺរ៉ូ​​​​ក្នុង​ការ​ដំឡើង​ពន្ធ​ និង​កាត់​បន្ថយ​ពន្ធ​សម្រាប់​ក្រុម​​អ្នក​រក​ប្រាក់​ចំណូល​បាន​ទាប ប៉ុន្តែ​ត្រូវ​កាត់ ​តិច​តួច​នៅ​រដូវ​ក្តៅ​នេះ​។​

ប៉ូលិស​ប្រឆាំងកុបកម្ម​​ប្រើ​​ឧស្ម័​ន​បង្ហូរ​ទឹក​ភ្នែក​​​ប្រឆាំងក្រុម​​​អ្នកត​វ៉ា​ក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង​​នឹង​រដ្ឋាភិបាល​។ AFP

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​កាត់​បន្ថយ​​ពន្ធ ​នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ តើ​ចលនា​នោះ ​នឹង​ធ្វើ​ឲ្យ​មាន​កម្លាំង​ចលករ​ក្រោក​តវ៉ា​ឡើង​វិញ​ នៅ​រដូវ​រងា​ និង​នៅ​ដើម​និទាឃ​រដូវ​ខាង​មុខ​នេះ ឬ​យ៉ាង​ណា​? ជា​ញឹកញាប់​ការ​តវ៉ា​បាន​ឈាន​ដល់​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ជា​ច្រើន​លើក​ ជាមួយ​ក្រុម​កងកម្លាំង​សន្តិសុខ​ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នេះ​តែ​ម្តង​។​

នៅ​ត្រឹម​រសៀល​​​ថ្ងៃ​​សៅរ៍​​ ប៉ូលិស​បាន​ចាប់​ខ្លួន​​អ្នក​តវ៉ា ១០៦ ​នាក់​ ដោយ​បាន​បន្ថែម​ថា​ អ្នក​​តវ៉ា​ខ្លះ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​កាន់​ញញួរ ​ឬ​ដប​សាំង​ទៀត​ផង​។​

ស្ត្រី​មា្នក់​ដែល​មាន​ឈ្មោះ​​ថា Brigitte បាន​និយាយ​ថា៖ ​«​​យើង​ត្រូវ​បាន​​គេ​ធ្វើ​បាប​​ដូច​ឧក្រិដ្ឋជន»៕ AFP/SK