ក្រុងប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺរកែល កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យប្រទេស តួកគី បញ្ចប់ការវាយប្រហារទ្រង់ទ្រាយធំនៅប្រទេស ស៊ីរីភាគឦសាន។
លោក ម៉ាក្រុង បានថ្លែងជាមួយលោកស្រី មឺរកែល ដែលកំពុងបំពេញទស្សនកិច្ចនោះថា៖ «យើងមានបំណងប្រាថ្នាសាមញ្ញមួយថា ការវាយប្រហារទ្រង់ទ្រាយធំនោះ គួរតែត្រូវបញ្ចប់»។
លោកបានព្រមានថា ការវាយលុកទ្រង់ទ្រាយធំរបស់តួកគីនៅស៊ីរី អាចនឹងបង្កើតឲ្យមានស្ថានការណ៍វិបត្តិមនុស្សធម៌ដែលមិនអាចអត់ឱនឲ្យបាន ហើយអាចបង្កឲ្យមានក្រុមរដ្ឋអ៊ិស្លាមកើតឡើងវិញម្តងទៀត នៅក្នុងប្រទេសមួយនេះ។
លោក ម៉ាក្រុង បានបន្ថែមថា៖ «ការជឿជាក់របស់យើងគឺថា គ្រោះថ្នាក់នៃការវាយប្រហារទ្រង់ទ្រាយធំនេះនឹងបង្កឲ្យមានស្ថានការណ៍វិបត្តិមនុស្សធម៌ដែលមិនអាចអត់ឱនឲ្យបាន ហើយអាចជួយឲ្យក្រុមរដ្ឋអ៊ិស្លាមរើបឡើងវិញម្តងទៀតនៅក្នុងតំបន់»។
លោក ម៉ាក្រុង បានថ្លែងថា ក្រុងប៉ារីស និងក្រុងប៊ែរឡាំងនៅតែសម្របសម្រួល ដើម្បីផ្តួចផ្តើមគំនិតដែលពួកគេអាចនឹងចាត់វិធានការ «នៅប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃខាងមុខនេះ» ក្នុងការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ប្រទេស តួកគី នៅស៊ីរី។
យោងតាមការិយាល័យរបស់លោក ម៉ាក្រុង បានឲ្យដឹងថា ប្រមុខរដ្ឋបារាំងបានរៀបចំកិច្ចពិភាក្សាក្រោយមកកាលពីរសៀលថ្ងៃអាទិត្យ មានការប្រជុំគណៈរដ្ឋមន្ត្រីការពារជាតិបន្ទាន់មួយ ដើម្បីពិភាក្សាស្ថានការណ៍នៅស៊ីរីភាគឦសាន។
កាលពីថ្ងៃអាទិត្យនោះដែរ លោកស្រី មឺរកែល បានអំពាវនាវឲ្យបញ្ចប់កិច្ចប្រតិបត្តិការយោធារបស់តួកគីនៅស៊ីរីភាគឦសានជាបន្ទាន់៕ Xinhua