ក្រុង​ឌូបៃៈ​ ប្រទេស ​បារ៉ែន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​នឹង​ចូលរួម​កិច្ច​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​អាមេរិក​ ដើម្បី​ការពារ​ដល់​ការ​ធ្វើ​​នាវាចរណ៍​​តាម​ឈូង​សមុទ្រ​​ នៅ​ចំពេល​មាន​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​តេអេរ៉ង់​ ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​ទៅ​លើ​នាវា​ដឹក​ប្រេង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​ថា ​ព្រះ​អង្គ​ម្ចាស់​ហាម៉ាដ​នៃ​ប្រទេស ​បារ៉ែន​ ព្រះអង្គ​បាន​អរគុណ​យ៉ាង​ខ្លាំង ​«ចំពោះ​តួនាទី​អាមេរិក​ក្នុង​ ការ​គាំទ្រ​ឲ្យ​មាន​សន្តិសុខ​ និង​ស្ថិរភាព​​ក្នុង​តំបន់​» ​នៅ​ក្នុង ​អំឡុង​ពេល​ជំនួប​មួយ​ជាមួយ​ឧត្តមសេនីយ៍​នៃ​បញ្ជា​ការ​កណ្តាល​អាមេរិក ​(CENTCOM)​ គឺ​លោក​ Kenneth McKenzie​។​

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​បារ៉ែន​ បាន​រាយការណ៍​ថា៖ «​ព្រះអង្គ​បាន​អះអាង​ថា​ ការ​ចូលរួម​របស់​ព្រះរាជាណាចក្រ​បារ៉ែន​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ ដើម្បី​ការពារ​សុវត្ថិភាព​នាវាចរណ៍​អន្តរជាតិ ​និង​ធានា​ផ្លូវ​សមុទ្រ​អន្តរជាតិ​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ​និង​ថាមពល​»​។​

អាមេរិក​បាន​កំពុង​ស្វះស្វែង​ ដើម្បី​បង្កើត​ក្រុម​ចម្រុះ​មួយ​ក្នុង​ការ​ធានា​ឲ្យ​មាន​សេរីភាព​នាវា​ចរណ៍​នៅ​ក្នុង​ឈូង​សមុទ្រ​មាន​ជម្លោះ​នោះ​។​

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​បារ៉ែន​ ​(BNA) ​មិន​បាន​បញ្ជាក់​ថា​ តើ​ប្រទេស ​បារ៉ែន ​នឹង​ចូលរួម​ជាមួយ​ក្រុម​ចម្រុះ​ដោយ​​ខ្លួន​ឯង​ ឬ​នឹង​ត្រូវ​ធ្វើ​ការ​បរិច្ចាគ​របស់​ខ្លួន​អ្វី​ខ្លះ​ទៅ​​ឲ្យ​ក្រុម​ចម្រុះ​នោះ​ទេ។​

អង់គ្លេស​ជា​ប្រទេស​ដែល​មាន​នាវា​ចម្បាំង​ជា​ច្រើន​គ្រឿង​រួច​ហើយ​ ដើម្បី​បំពេញ​តួនាទី​នៅ​ក្នុង​ការ​ការពារ​នៅ​ក្នុង​ឈូង​សមុទ្រ​​​ ក្រោយ​ពី​នាវា​ដឹក​ប្រេង​មាន​ទង់ជាតិ​អង់គ្លេស​មួយ​គ្រឿង​ ត្រូវ​បាន​រឹប​អូស​ដោយ​កង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ថ្លែង​ថា ខ្លួន​នឹង​ចូល​រួម​ក្នុង​ប្រតិបត្តិការ​នោះ​៕ AFP/SK