ក្រុងខារទុំៈ អគ្គរដ្ឋអាជ្ញាស្តីទីរបស់ប្រទេស ស៊ូដង់ បានប្រកាសកាលពីថ្ងៃសៅរ៍ថា មេដឹកនាំស៊ូដង់ ដែលត្រូវបានទម្លាក់ចេញពីអំណាចគឺលោក អូមារ អាល់-បាសៀរ នឹងត្រូវបង្ហាញខ្លួននៅតុលាការនៅសប្តាហ៍នេះ ដែលនឹងត្រូវប្រឈមនឹងការចោទប្រកាន់ពីបទអំពើពុករលួយ និងកាន់កាប់រូបិយវត្ថុបរទេសខុសច្បាប់។
សេចក្តីប្រកាសនោះ បានកើតឡើងជាង ២ ខែ ក្រោយពីយោធា បានទម្លាក់លោក អូមារ អាល់-បាសៀរ ចេញពីអំណាច បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេសប្រឆាំងការគ្រប់គ្រងកណ្តាប់ដៃដែករបស់លោកនោះ។
លោក Al-Waleed Sayyed-Ahmed បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន៖ «លោក បាសៀរ នឹងបង្ហាញខ្លួននៅតុលាការនៅសប្តាហ៍នេះ បន្ទាប់ពីរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងកាន់កាប់រូបិយវត្ថុបរទេសខុសច្បាប់» ដោយមិនបានបញ្ជាក់ថ្ងៃណាឲ្យបានច្បាស់នោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីសូមមិនបញ្ចេញឈ្មោះម្នាក់ បានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានសាណាផ្លូវការថា លោកបាសៀរ កំពុងប្រឈមមុខការចោទប្រកាន់នានា នៅក្នុងនោះមាន «ការកាន់កាប់រូបិយវត្ថុបរទេសខុសច្បាប់ ដោយទទួលបានទ្រព្យសម្បត្តិដោយខុសច្បាប់ និងត្រូវបានគេសង្ស័យ និងបានបញ្ជាឲ្យប្រកាសអាសន្ននៅក្នុងប្រទេស។
កាលពីខែមេសា មេដឹកនាំកងទ័ពស៊ូដង់ លោកឧត្តមសេនីយ៍ Abdel-Fattah al-Burhan បានថ្លែងថា ប្រាក់សុទ្ធជាង ១១៣ លានដុល្លារ ជារូបិយវត្ថុបរទេស ៣ ប្រភេទដែល ត្រូវបានរឹបអូសពីលំនៅឋានរបស់លោក អូមារ អាល់-បាសៀរ។
លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan បានថ្លែងថា ប៉ូលិសមួយក្រុម ក្រុមភ្នាក់ងារសន្តិសុខ និងយោធា បានរកឃើញប្រាក់សុទ្ធចំនួន ៧ លានអឺរ៉ូ (៧,៨ លានដុល្លារ) ប្រាក់ ៣៥ ម៉ឺនដុល្លារ និង ៥ ពាន់លានផោន ស៊ូដង់ (១០៥ លានដុល្លារ)។
លោក អូមារ អាល់-បាសៀរ បានប្រកាសអាសន្ននៅក្នុងប្រទេសកាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីបង្ក្រាបទៅលើការតវ៉ានានា ដែលបានផ្ទុះឡើងនៅទូទាំងប្រទេស ស៊ូដង់ កាលពីខែធ្នូនោះ៕ AFP/SK