កូឡុំបូៈ ​ប្រធា​នា​ធិបតី​ប្រទេស​ម៉ា​ល់​ឌី​វ​កាលពី​ថ្ងៃ​ចន្ទ ​បាន​ទទួល​ស្គាល់​ការ​បរាជ័យ​នៅក្នុង​ការ​បោះ​ឆ្នោត ​ដោយ​បាន​បន្ធូរ​បន្ថយ​ការ​ភ័យ​ខ្លាច​ថា​អាច​កើត​មាន​វិបត្តិ​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ​ ដែល​ជា​ចំណុច​កណ្តាល​នៃ​ការចម្រោង​ចម្រាស​គ្នា​រវាង​ឥទ្ធិ​ពល​ឥណ្ឌា​ និង​ចិន។

លោក Abdulla Yameen បាន​ថ្លែង​តាម​កញ្ចក់​ទូរទ​ស្សន៍​ទៅកាន់​ប្រជាជាតិ​ដែល​នៅក្នុង​មហា​សមុទ្រ​ឥណ្ឌា​មួយ​នេះ​តែ ​មួយ​ថ្ងៃ​បន្ទាប់​ពី​បេក្ខជន​គណបក្សប្រឆាំង​រួម​គ្នា​ បានទទួល​ជ័​យជម្នះ​ដោយ​មិន​នឹក​ស្មាន​ដល់​ថា៖« ប្រជា​ពលរដ្ឋ​ម៉ា​ល់​ឌី​វ ​បាន​សម្រេច​នូវ​អ្វី ដែល​ពួកគេ​ចង់​បាន​»។

លោក Yameen បញ្ជាក់​ថា៖«ខ្ញុំ​បាន​ជួប​ជា​មួយ​លោក Ibrahim Mohamed Solih ដែល​ពលរដ្ឋ​ម៉ា​ល់​ឌី​វ ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើជា​ប្រធា​នាធិបតី​បន្ទាប់​របស់​ពួក​គេ ខ្ញុំ​បាន​អបអរសាទរ​​ជ័យ​ជម្នះ​របស់​គាត់»។

មាន​ការ​ព្រួយ​បារម្ភ​ទាំង​នៅក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ថា​ លោក Yameen អាច​នឹង​មិន​ទទួល​យក​លទ្ធ​ផល​បោះ​ឆ្នោត​នោះ​ទេ។ លោក​ បាន​ខ្ចីលុយ​រាប់រយ​លាន​ដុល្លារ​ពី​ប្រទេស​ចិន​ ដើម្បី​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដែល​បានធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ចំពោះ​ការ​គាំទ្រ​ជា​ប្រពៃណី​របស់​ឥណ្ឌា​ចំពោះ​ម៉ា​ល់​ឌី​វ៕ NS