កោះបាលី៖ បុរស​ជនជាតិ​ថៃ ​២ ​នាក់ ​ត្រូវ​បាន​តុលាការ​ឥណ្ឌូនេស៊ី​កាត់​ទោស​ឲ្យ​ជាប់​គុក ​១៦ ​ឆ្នាំ ​កាល​ពី​ថ្ងៃ​ពុធ​​ ក្រោយ​ពី​លេប​ថ្នាំ​មេតំហ្វេតាមីន ​១ គីឡូ​ក្រាម ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​រត់​ពន្ធ​គ្រឿង​ញៀន​មិន​បាន​សម្រេច។

តុលាការ​ស្រុក​មួយ​នៅ​កោះ​បាលី​បាន​សម្រេច​ទោស​ ដែល​មាន​រយៈពេល​តិច​ជាង ​១៨ ​ឆ្នាំ ​ដែល​ក្រុម​រដ្ឋ​អាជ្ញា​ទាមទារ​សម្រាប់​លោក ​Prakob Seetasang​ មាន​វ័យ ​៣០ ​ឆ្នាំ ​និង​លោក​ Adison Phonlamat​ មាន​វ័យ ​២០ ​ឆ្នាំ​។

បុរស​ទាំង ​២ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​លើ​កោះ​លម្ហែ​កម្សាន្ត​នេះ ​កាល​ពី​ដើម​​ឆ្នាំ​នេះ ​ក្រោយ​ពី​មក​ដល់​​កោះ​នេះ​ ដោយ​ជិះ​យន្តហោះ​មក​ពី​ក្រុង​បាងកក​។

ពួក​គេ​បាន​បដិសេធ​មិន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​កាត់​ទោស​របស់​ពួក​គេ​ទេ ​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស​កាល​ពី​ថ្ងៃ​ពុធ​នោះ​។

លោក​មេធាវី ​Aji Sibalan ​បាន​ថ្លែង​ប្រាប់​គណៈកម្មាធិការ​វិនិច្ឆ័យ​ថា៖ «​ក្រោយ​ពិភាក្សា​រួច ​យើង​ជា​តំណាង​របស់​​ជន​ជាប់​ចោទ​ បាន​សម្រេច​ទទួល​យក​សាល​ក្រម​នោះ​»។ ​

ចៅ​ក្រម​ជំនុំ​ជម្រះ​ឈ្មោះ​ Heriyanti​ ដែល​គេ​ស្គាល់​តែ​ឈ្មោះ​មួយ​នោះ​បាន​និយាយ​ថា ​ជនជាតិ​ថៃ​ទាំង ​២ ​រូប​នេះ​ ក៏​ត្រូវ​​បង់​ផាក​ពិន័យ ​១៤២ ​០០០ ​ដុល្លារ ​បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ជាប់​ពន្ធនាគារ ​១ ​ឆ្នាំ​ថែម​ទៀត​។

ប្រទេស ​ឥណ្ឌូនេស៊ី ​ដែល​ភាគ​ច្រើន​កាន់​សាសនា​មូស្លីម​ មាន​ច្បាប់​ខ្លះ​តឹង​រ៊ឹង​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​ ក្នុង​នោះ​មាន​ទោស​ប្រហារ​ជីវិត​សម្រាប់​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន។

នៅ​ក្នុង​ឆ្នាំ ​២០១៥ ​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Andrew Chan ​និង​ឈ្មោះ Myuran Sukumaran​ ជា​មេ​ដឹកនាំ​ក្រុម​ដែល​ជាប់​ចោទ​នៃ​អ្វី​ ដែល​គេ​ហៅ​ថា​ ក្រុម​ហេរ៉ូអ៊ីន​ Bali Nine ត្រូវ​ប្រហារ​ជីវិត​ដោយ​ក្រុម​អ្នក​បាញ់​សម្លាប់៕ AFP/PSA