ក្រុងដាក្កា៖ ​ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ត្រូវ​សង្ស័យ​​ថា បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​​គ្រាប់​មីន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​បង់ក្លាដែស-មីយ៉ាន់ម៉ា។

ជនជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា​ជិត​មួយ​លាន​នាក់​រស់នៅ​ក្នុង​ជំរំ​នានា​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ភាគ​អាគ្នេយ៍​ ក្រោយ​ពី​បាន​ភៀស​ខ្លួន​ពី​អំពើ​ហិង្សា​យោធា​នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា ​ហើយ​តាម​ធម្មតា​ប្រើប្រាស់​ព្រំដែន​ដែល​ធ្លុះធ្លាយ​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រដ្ឋ​រាក់ឃីន​វិញ​។

ក្រុម​មន្ត្រី​បង់ក្លាដែស​ បាន​ចោទ​ក្រុម​មន្ត្រី​មីយ៉ាន់ម៉ា​ថា ​បាន​ដាក់​មីន​នៅ​តាម​តំបន់​នានា​​បណ្តោយ​ព្រំ​ដែន​ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​ជន​​ភៀស​ខ្លួន​​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​ពួក​គេ​វិញ​។

ក្រុម​ឆ្មាំ​ព្រំដែន​បង់ក្លាដែស​បាន​និយាយ​ថា​ ពួក​គេ​បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ ​និង​បាន​ឃើញ​បុរស ​៣-៤ ​នាក់​​ បាន​ចោល​មនុស្ស​ម្នាក់ ​ដែល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ភូមិ ​Ghumdum​ នៅ​ព្រំដែន​។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ឆ្មាំ​ព្រំដែន​បង់ក្លាដែស ​(BGB) ​បាន​ថ្លែង​ប្រាប់​ AFP ​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​៖ «​យើង​សង្ស័យ​ថា គាត់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​មីន​នៅ​ក្នុង​ប្រទេស​ មីយ៉ាន់ម៉ា​ ហើយ​បន្ទាប់​មក​មនុស្ស​ទាំង​អស់​នោះ​ បាន​សែង​ចូល​ក្នុង​ដែនដី​បង់ក្លាដែស​»។ ​

មេ​បញ្ជា​ការ​តំបន់​របស់ ​BGB​ លោក ​Ali Haider Azad Ahmed បាន​ថ្លែង​ថា​ បុរស​ដែល​ស្លាប់​នោះ​ត្រូវ​គេ​ជឿ​ថា​ ជា​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។

បុរស​នោះ​មាន​​វ័យ​ខ្ទង់ ​៣០ ​​ឆ្នាំ ​មិន​​ទាន់​ស្គាល់​អត្តសញ្ញាណ៕​ AFP/PSA