ក្រុង​ឡុងដ៍៖ ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក ​បូរីស ​ចនសុន ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ប្រើប្រាស់​កិច្ច​ប្រជុំ​ផ្លូវ​ការ​ដំបូង​របស់​លោក​ ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ ដើម្បី​ព្រមាន​មេ​ដឹកនាំ​រុស្ស៊ី​មិន​ឲ្យ​វាយ​ប្រហារ​ថ្នាំ​គីមី​ដដែលៗ​កាល​ពី​ឆ្នាំ ​២០១៨ ​ទៀត​ ដែល​ស្ទើរ​តែ​បាន​សម្លាប់​អតីត​ចារកម្ម​លោក ​សឺរហ្គី ស្ក្រីបផាល់​។​

វិមាន ​Downing ​Street​ បាន​ថ្លែង​ថា​ លោក​ បូរីស ចនសុន ​បាន​ប្រាប់​ទៅ​កាន់​ប្រមុខ​វិមាន​ក្រឹម​ឡាំង ​នៅ​ក្រៅ​សង្វៀន​នៃ​ជំនួប​កំពូល​មួយ​ ស្តីពី​វិបត្តិ​នៅ​លីប៊ី​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ថា​ ចំណង​ទាក់ទង​រវាង​ក្រុង​ម៉ូស្គូ​ និង​ក្រុងឡុងដ៍ ​នឹង​មិន​វិល​ត្រឡប់​ដូច​ធម្មតា​វិញ​នោះ​ទេ​ រហូត​ដល់​​រុស្ស៊ី​បញ្ចប់​សកម្មភាព ​«​ជ្រួល​ច្របល់​»​ របស់​ខ្លួន​ជា​មុន​សិន​។​

វិមាន ​Downing ​Street ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​លោក ​បូរីស ចនសុន ​«​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មិន​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​គោល​ជំហរ​របស់​ប្រទេស ​អង់គ្លេស ​នៅ​ទីក្រុង​សាលីសប៊ូរី​នោះ​ទេ​ ដែល​បាន​ប្រើប្រាស់​អាវុធ​គីមី​មិន​ទទួល​ខុស​ត្រូវ​ និង​ការ​ព្យាយាម​ឥតអៀន​ខ្មាស ដើម្បី​ធ្វើ​ឃាត​មនុស្ស​ស្លូត​ត្រង់​នៅ​លើ​ទឹក​ដី​អង់គ្លេស​»​។​

ការិយាល័យ​របស់​លោក ​បូរីស​ ចនសុន ​បាន​ថ្លែង​ថា​៖ «លោក ​ចនសុន​ បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​មួយ​បែប​នេះ​ មិន​ត្រូវ​ធ្វើ​ជា​ដដែលៗ​ទៀត​ជា​ដាច់​ខាត​»​។​

ប្រទេស ​រុស្ស៊ី​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ថា ​ក្រុម​មន្ត្រី​មក​ពី​ទីភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី​ GRU ​របស់​ខ្លួន​បាន​ប្រើប្រាស់​ភ្នាក់ងារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឲ្យ​បំពុល​លោក ​ស្ក្រីបផាល់ ​នៅ​ក្នុង​ការ​សងសឹក ​ជុំវិញ​ការងារ​របស់​លោក​ជាមួយ​ប្រទេស ​អង់គ្លេស​ និង​ក្រុម​បុគ្គលិក​ចារកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​នោះ។​

លោក ​ស្ក្រីបផាល់ ​និង​កូន​ស្រី​ទាំង ​២ ​របស់​លោក​ បាន​សន្លប់​ជា​ច្រើន​ថ្ងៃ​ ប៉ុន្តែ​បាន​គេច​ផុត​​ពី​សេចក្តី​ស្លាប់​៕ AFP/SK