ក្រុង​កូឡុំបូ៖ ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រឆាំង​ស្រីលង្កា​ [Sri Lanka Podujana Peramuna (SLPP)] លោក ​ហ្គោតាបាយ៉ា​ រ៉ាចាប៉ាកសា ​បាន​ប្តេជ្ញា​កាល​ពី​ថ្ងៃ​អង្គារ​ថា ​នឹង​រក្សា​គោល​នយោបាយ​ការ​បរទេស​ និង​ទំនាក់​ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ទាំង​អស់ ​ប្រសិន​បើ​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី ​១៦​ វិច្ឆិកា​ខាង​មុខ​នេះ​។

នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​រៀបចំ​ដាក់​ឯកសារ​បេក្ខភាព​របស់​លោក​​មក​នោះ ​លោក​ រ៉ាចាប៉ាកសា​ ដែល​ជា​ប្អូន​ប្រុស​របស់​អតីត​ប្រធានាធិបតី​លោក ​ម៉ាហ៊ីនដា​ រ៉ាចាប៉ាកសា ​បាន​ថ្លែង​ថា ​លោក​នឹង​ធានា​ថា ប្រទេស ​ស្រីលង្កា​ មិន​ធ្លាក់​ចូល​ក្នុង​អំណាច​របស់​ប្រទេស​ខ្លះ​នៅ​ក្នុង​តំបន់​ទេ ​ហើយ​លោក​នឹង​រក្សា​គោល​នយោបាយ​មិន​ចូល​បក្ស​សម្ព័ន្ធ​។ ​​​

លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ក្រុង​កូឡុំបូ​ថា៖ «​ស្រីលង្កា ​គឺ​ជា​ប្រទេស​មិត្តភាព​ ហើយ​យើង​ត្រូវ​ជា​ប្រទេស​អព្យាក្រឹត។ យើង​ត្រូវ​តែ​មាន​ភាព​ប្រាកដ​និយម​ ដូច្នេះ​សន្មត​ថា ​យើង​នឹង​រក្សា​ឥរិយាបថ​មិត្តភាព​ចំពោះ​ប្រទេស​ទាំង​អស់​»។

លោក​ក៏​បាន​សន្យា​ថា ​នឹង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​ និង​ទាក់ទាញ​ការ​វិនិយោគ​បរទេស​​ផ្ទាល់​ប្រសិន​បើ​​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​៕ Xinhua/PSA