ក្រុងហ្ស៊ឺណែវ៖​ រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ពុធ​ បាន​ព្រមាន​ថា​ស្ថានការណ៍​នៅ​តំបន់​កាស្មៀរ​​គ្រប់គ្រង​​ដោយ​ឥណ្ឌា​ ប្រឈម​នឹង​ការ​បង្ក «សង្គ្រាម​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់» ​និង​បាន​ជំរុញ​ឲ្យ​ប្រមុខ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោកស្រី ​Michelle Bachelet ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ដែល​កំពុង​មាន​បញ្ហា​នោះ។

ដោយ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​សង្វៀន​នៃ​ជំនួប​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ​លោក ​Shah Mehmood Qureshi ​បាន​ថ្លែង​ថា​ លោក​បាន​ជឿ​ថា​ ទាំង​ប្រទេស ​ប៉ាគីស្ថាន​ និង​ឥណ្ឌា ​យល់​ពី​ផល​វិបាក​នៃ​ជម្លោះ​។

ប៉ុន្តែ​ដោយ​ភាព​តានតឹង​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ក្រុង​ញូវដែលី ​បាន​ដក​ស្វ័យភាព​ពី​តំបន់​កាស្មៀរ​កាល​ពី​ខែ​មុន​នេះ ​លោក​​ព្រមាន​ថា​ អ្នក​មិន​អាច​បដិសេធ​សង្គ្រាម​ដែល​បណ្តាល​​ឲ្យ​គ្រោះ​ថ្នាក់​នោះ​បាន​ទេ​។

លោក ​Qureshi ​បាន​ថ្លែង​ថា៖ ​«ប្រសិន​បើ​ស្ថានការណ៍​នៅ​តែ​បន្ត​កើត​មាន ​នៅ​ពេល​នោះ ពិត​ជា​មាន​រឿង​អ្វី​មួយ​កើត​ឡើង​ជា​មិន​ខាន»។

ឥណ្ឌា​បាន​ដាក់​ពង្រាយ​ទាហាន​នៅ​តំបន់​កាស្មៀរ​កាល​ពី​ថ្ងៃទី ៥ ខែ ​សីហា ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ភាព​ចលាចល​កើត​ឡើង ​ខណៈ​ក្រុង​ញូវដេលី​បាន​ដក​ស្វ័យភាព​តំបន់​ដែល​មាន​ជម្លោះ​នេះ​។ ​បណ្តាញ​ទូរស័ព្ទ​ដៃ​ និង​អ៊ីនធឺណិត​ស្ទើរ​តែ​ទាំង​អស់​​ត្រូវ​​បាន​កាត់​ផ្តាច់​លើកលែង​តំបន់​ខ្លះ​។ ​​

ភាព​តានតឹង​ជុំវិញ​តំបន់​កាស្មៀរ​ដែល​ត្រូវ​បាន​បែងចែក​រវាង​ឥណ្ឌា​ និង​ប៉ាគីស្ថាន ​តាំង​ពី​ឆ្នាំ ​១៩៤៧​ បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​ធំៗ ២ លើក៕ AFP