ក្រុង​រ៉ាម៉ាល់ឡាហ៍៖ ​មន្ត្រី​ជាន់​ខ្ពស់​ប៉ាឡេស្ទីន​ម្នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ពី​បទ​រារាំង​មិន​ឲ្យ​សាងសង់​តំបន់​ឧស្សាហកម្ម​នៅ​ក្នុង​តំបន់​វ៉េសប៊ែង​ តាមរយៈ​ការ​រឹប​អូស​យក​ដី ​ដោយ​មាន​បំណង​ចង់​ធ្វើ​ការ​ពង្រីក​សាងសង់​លំនៅឋាន​នៅ​ទី​នោះ​។​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​លោក ​ហ្គាលីដ ​អាល់​-អូសៃលី ​បាន​ថ្លែង​ប្រាប់​កាសែត​ស៊ីនហួ​ថា​ អាជ្ញាធរ​អ៊ីស្រាអែល​កំពុង​បង្ក​ឧបសគ្គ​នៅ​ក្នុង​មធ្យោបាយ ​នៃ​ការ​បង្កើត ​«​តំបន់​ឧស្សាហកម្ម​តារហ្គូមៀ» ​នៅ​ក្នុង​តំបន់​វ៉េសប៊ែង​ភាគ​ខាង​ត្បូង​។​

រដ្ឋាភិបាល​ប៉ាឡេស្ទីន​ កំពុង​ជំរុញ​ឲ្យ​បាន​មុន​ជា​មួយ​នឹង​គម្រោង​របស់​ខ្លួន​ ជុំវិញ​ការ​ដក​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីស្រាអែល​តាមរយៈ​ការ​សាងសង់​តំបន់​ឧស្សាហកម្ម​ខ្លះ​​នៅ​ពាសពេញ​តំបន់​វ៉េសប៊ែង​។​

អាជ្ញាធរ​ប៉ាឡេស្ទីន​បច្ចុប្បន្ន​កំពុង​ផ្តួច​ផ្តើម​គំនិត​បង់​ពន្ធ ​រួមមាន​ការ​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​វីអេធី ​(VAT) ​និង​ការ​អនុម័ត​ច្បាប់​ស្វាគមន៍​អ្នក​វិនិយោគ​សម្រាប់​ក្រុម​អ្នក​វិនិយោគ​ ដើម្បី​លើក​ទឹក​ចិត្ត​គម្រោង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​នៅ​ក្នុង​តំបន់​វ៉េសប៊ែង​។​

រដ្ឋមន្ត្រី​ប៉ាឡេស្ទីន​បាន​រិះគន់​គម្រោង​របស់​អ៊ីស្រាអែល​ ដើម្បី​សាងសង់​តំបន់​ឧស្សាហកម្ម​មួយ​កន្លែង​ នៅ​លើ​ទឹក​ដី​ប៉ាឡេស្ទីន​នៅ​ភូមិ​ស្ស៊ូហ្វា​ នៅ​ជិត​ទីក្រុង​ទូលការីម ​នៃ​តំបន់​វ៉េសប៊ែង​ភាគ​ខាង​ជើង​។​

លោក​ សាល់តាន់​ ហៃថាម ប៊ិន តារីហ្គ(​ស្តាំ)​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក​ ម៉ះមូដ​ អាបាស់។ AFP

លោក​បាន​ថ្លែង​ថា​៖ «​បញ្ហា​នេះ​ មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត ​និង​ជា​រឿង​ខុស​ច្បាប់​ហើយ​ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​បង្ខំ​ ដូច្នេះ​យើង​នឹង​មិន​ទទួល​យក​​នោះ​ទេ​»​។​

លោក ​ហ្វូហ្សាត ដ្រូ ប៊ី ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភូមិ​ស្ស៊ូហ្វា​បាន​ថ្លែង​ថា​ អាជ្ញាធរ​អ៊ីស្រាអែល​បាន​ជូន​ដំណឹង​ទៅ​ក្រុមប្រឹក្សា​ភូមិ ​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដក​ហូត​យក​តំបន់​ដី​កសិកម្ម​មួយ​ចំនួន​ធំ​ ដើម្បី​សាងសង់​តំបន់​ឧស្សាហកម្ម​មួយ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​។​

លោក ​ហ្វូហ្សាត​ដ្រូប៊ី​ បាន​បន្ថែម​ថា​ ក្រុម​ម្ចាស់​ដី​មួយ​ចំនួន​ត្រូវ​បាន​ផ្តល់​ពេល ​៦០ ​ថ្ងៃ​ ដើម្បី​ប្រឆាំង​​ជំទាស់​ចំពោះ​ការ​សម្រេច​ចិត្ត​នោះ​។​

លោក ​ហ្វូហ្សាត ​ដ្រូប៊ី ​បាន​បញ្ជាក់​ថា​ ក្រុម​អ្នក​ភូមិ​បាន​បង្ហាញ​អំពី​ឯកសារ​កម្មសិទ្ធិ​ដី​របស់​ពួក​គេ​ តាមរយៈ​អាជ្ញាធរ​ប៉ាឡេស្ទីន​ ហើយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​​បាន​ផ្តល់​ជំនួយ​ស្រប​ច្បាប់​ជូន​ពួក​គេ​។​

យោង​តាម​លោក ​ហ្វូហ្សាត ដ្រូ ប៊ី​ ​ដែល​បាន​ពន្យល់​ថា​ ភូមិ​ទាំង​មូល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​តំបន់ ​C ​(Area​ C​) ​នៃ​តំបន់​វ៉េសបែង​ ហើយ​​លោក​បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រហែល ​៣ ០០០ ​នាក់​រស់នៅ​ក្នុង​ភូមិ​ស្ស៊ូហ្វា​ ដែល​នៅ​ពាស​ពេញ​តំបន់​មួយ​មាន​ដី​ផ្ទៃ​ក្រឡា​ចំនួន ​១១​ គីឡូម៉ែត្រ​ការ៉េ​ ហើយ​ប្រសិន​បើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ប្រគល់​ទៅ​ឲ្យ​អ៊ីស្រាអែល​មែន​នោះ​ ភូមិ​មួយ​នេះ​នឹង​នៅ​សល់​ផ្ទៃ​ដី​ក្នុង​តំបន់​ចំនួន ​០,៧ ​គីឡូម៉ែត្រ​ការ៉េ​តែ​ប៉ុណ្ណោះ​៕ Xinhua/SK