ក្រុងរ៉ាម៉ាល់ឡាហ៍៖ ប៉ាឡេស្ទីនកំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយដោះស្រាយជម្លោះរបស់ពួកគេ ជាមួយអ៊ីស្រាអែល ខណៈពួកគេបានទាត់ចោលផែនការសន្តិភាពអាមេរិកនៅមជ្ឈិមបូព៌ា ត្រូវបានគេដឹងគ្រប់គ្នាថាជា «កិច្ចព្រមព្រៀងសតវត្សរ៍របស់អាមេរិកនោះ»។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការរំដោះប៉ាឡេស្ទីន (PLO) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យបង្កើតសភាអន្តរជាតិមួយ ដោយបានផ្អែកទៅលើសិទ្ធិ និងយុត្តិធម៌ ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល ទៅលើទឹកដីរបស់ប៉ាឡេស្ទីន។
យោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា លោកស្រី ហាណាន់ អាស្រាវី ជាសមាជិករបស់គណៈកម្មាធិការប្រតិបត្តិអង្គការរំដោះប៉ាឡេស្ទីន PLO បានថ្លែងថា៖ «សភាអន្តរជាតិមួយអាចមានសមត្ថភាព ដើម្បីបង្ហាញអំពីជម្រើស និងការប្រឈមមុខជាមួយគ្រោះថ្នាក់នានា ដែលបានគំរាមកំហែងដល់ផែនការសន្តិភាពនៅមជ្ឈិមបូព៌ា»។
លោកស្រី ហាណាន់ អាស្រាវី បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូសភាប្រទេស អង់គ្លេស មួយក្នុងទីក្រុងរ៉ាម៉ាល់ឡាហ៍ ថា៖ «សភានេះអាចបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីន របស់អ៊ីស្រាអែលដោយខុសច្បាប់នោះ»។
ចំណងទំនាក់ទំនងនយោបាយរវាងអាជ្ញាធរប៉ាឡេស្ទីន និងអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ទីក្រុងហ្ស៊េរុយសាឡិមថា ជារដ្ឋធានីរបស់ប្រទេស អ៊ីស្រាអែល នៅក្នុងឆ្នាំ ២០១៧។
កាលពីថ្ងៃទី ២៨ ខែមករា លោក ដូណាល់ ត្រាំ បានប្រកាសផែនការសន្តិភាពនៅមជ្ឈិមបូព៌ារបស់អាមេរិកនៅចំពោះមុខនាយករដ្ឋអ៊ីស្រាអែលលោក បេនចាមីន នេតានីយ៉ាហ៊ូ ដែលត្រូវបានទាត់ចោលយ៉ាងដាច់អហង្ការដោយប៉ាឡេស្ទីន៕ Xinhua/SK