ក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ម៉ៃក៍​ ប៉ុមប៉េអូ ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​អះអាង​ថា​ ក្រុម​មេ​ដឹកនាំ​អ៊ីរ៉ាក់​បាន​ថ្លែង​ប្រាប់​លោក​ជា​លក្ខណៈ​ឯកជន​ថា​ ពួក​គេ​បាន​គាំទ្រ​វត្តមាន​យោធា​អាមេរិក​ ទោះបី​ជា​មាន​ការ​បង្ហាញ​ជា​សាធារណៈ​ឲ្យ​ពួក​គេ​ចាកចេញ​ពី​អ៊ីរ៉ាក់​ក្តី​។​

សភា​អ៊ីរ៉ាក់​កាល​ពី​សប្តាហ៍​មុន​ បាន​បោះ​ឆ្នោត​ឲ្យ​បណ្តេញ​កងកម្លាំង​បរទេស ​ក្រោយ​ពី​អាមេរិក​បាន​វាយ​ប្រហារ​ទៅ​លើ​ព្រលាន​​យន្តហោះ​ក្រុង​បាកដាដ​ បាន​សម្លាប់​ឧត្តមសេនីយ៍​កំពូល​របស់​អ៊ីរ៉ង់​ម្នាក់​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​អ៊ីរ៉ាក់។​

ប៉ុន្តែ​លោក​ ម៉ៃក៍​ ប៉ុម​ប៉េ​អូ​ ដែល​ក្រសួង​ការ​បរទេស​របស់​លោក​ ជា​ញឹកញាប់​បាន​អះអាង​ថា​ ខ្លួន​មិន​អាច​ប្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​នោះ​ទេ​ លោក​បាន​ថ្លែង​ថា​ លោក​បាន​ដឹង​អំពី​សារ​ខុសៗ​គ្នា​មួយ​ នៅ​ក្នុង​ការ​សន្ទនា​​ជាមួយ​ក្រុម​មេ​ដឹកនាំ​អ៊ីរ៉ាក់​ប្រហែល ៥០ ​នាក់ ​ចាប់​តាំង​ពី​ដើម​ខែ​នេះ​។​

លោក ប៉ុមប៉េអូ​ បាន​ថ្លែង​នៅ​ក្នុង​ការ​ឆ្លើយ​​សំណួរ​ នៅ​ឯ​វេទិកា​មួយ​នៅ​សាកល​វិទ្យាល័យ​ស្តេនហ្វ៉ត​ថា​៖ «​ពួក​គេ​មិន​ចង់​និយាយ​ជា​សាធារណៈ​នោះ​ទេ​ ប៉ុន្តែ​ជា​លក្ខណៈ​ឯកជន​ពួក​គេ​ទាំង​អស់​បាន​ស្វាគមន៍​ការ​ពិត​ដែល​ថា​ អាមេរិក​នៅ​តែ​កំពុង​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​របស់​ខ្លួន​នៅ​ទីនោះ​»​។​

លោក ​ប៉ុមប៉េអូ ​បាន​ថ្លែង​ថា ​កងកម្លាំង​អាមេរិក​កំពុង​ធានា​ថា​ ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ិស្លាម​មិន​អាច​បង្កើត​ឡើង​វិញ​ជា​ដាច់​ខាត​ និង ​«​ការ​ផ្តល់​ឱកាស​មួយ​សម្រាប់​ជនជាតិ​អ៊ីរ៉ាក់​ ដើម្បី​ទទួល​បាន​អធិបតេយ្យភាព ​និង​ឯករាជ្យ​ដែល​ជនជាតិ​អ៊ីរ៉ាក់​ចង់​បាន​»​។​

លោក ​ប៉ុមប៉េអូ​ ដែល​បាន​បង្កើត​វេទិកា​ជាមួយ​បុព្វាធិការី​ម្នាក់​លោកស្រី ​ខនឌូលីហ្សារ៉ៃយ៍ ​បាន​ថ្លែង​ថា​ លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​មេ​ដឹកនាំ​ដែល​មាន​បទពិសោធ​ទាំងអស់​នៅ​​អ៊ីរ៉ាក់​ ភាគ​ច្រើន​កាន់​និកាយ​ស៊ីអ៊ីត​៕ AFP/SK