ក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​លោក ​ម៉ៃក៍ ប៉ុមប៉េអូ ​បាន​ចេញ​ដំណើរ​ទៅ​កាន់​អារ៉ាប៊ីសាអ៊ូឌីត​ កាល​ពី​ថ្ងៃ​អង្គារ​ ​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​សងសឹក​ ក្រោយ​ពី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា​ ខ្លួន​មាន​ភ័ស្តុតាង​ថា​ ការ​វាយ​ប្រហារ​ទៅ​លើ​​រោងចក្រ​ផលិត​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត ​ចេញ​ពី​ប្រទេស ​អ៊ីរ៉ង់​។

អនុ​ប្រធានាធិបតី​អាមេរិក​លោក ​មៃក៍​ ផែនស៍ ​បាន​ប្រកាស​ថា ​លោក ​ប៉ុមប៉េអូ ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះរាជាណាចក្រ​នេះ ​ដើម្បី​ពិភាក្សា​អំពី​ការ​ឆ្លើយ​តប​របស់​យើង។

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្រុង​វ៉ាស៊ីនតោន ​លោក ​ផែនស៍​ បាន​ថ្លែង​ថា៖ ​«លោក​​ប្រធានាធិបតី​បាន​ថ្លែង​ថា ​យើង​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​នរណា​ម្នាក់​ទេ ​ប៉ុន្តែ​អាមេរិក​ត្រៀម​ខ្លួន»។

លោក​បាន​ថ្លែង​ថា​៖ ​«​យើង​បាន​បញ្ចប់​ការ​ចរចា​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​ហើយ​យើង​បាន​ត្រៀម​ការពារ​ផលប្រយោជន៍​ និង​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ក្នុង​តំបន់ ​មិន​ធ្វើ​ឲ្យ​មាន​កំហុស​ចំពោះ​បញ្ហា​នេះ​ទេ ​ដោយ​បាន​លើក​បញ្ជាក់​ពាក្យ​សម្តី​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​»។

មន្ត្រី​អាមេរិក​ម្នាក់​ ដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​ប្រាប់​ AFP ថា ​រដ្ឋការ​របស់​លោក ​ត្រាំ ​បាន​​សន្និដ្ឋាន​ថា ​កា​រវាយ​ប្រហារ​កាល​ពី​ចុង​សប្តាហ៍​មុន​ជាប់​ពាក់ព័ន្ធ​មីស៊ីល​បញ្ជា​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ចេញ​ពី​​អ៊ីរ៉ង់ ​និង​ថា​ ភ័ស្តុតាង​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​មហាសន្និបាត UN ​នៅ​សប្តាហ៍​ក្រោយ​នេះ​។ ​​​

ការ​ពង្រឹង​គោល​ជំហរ​របស់​អាមេរិក​យ៉ាង​ច្បាស់​​នោះ​ បាន​កើត​ឡើង ​ខណៈ​មេដឹកនាំ​ជាន់​ខ្ពស់​អ៊ីរ៉ង់​ បាន​ទាត់​ចោល​ការ​ចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ​«កម្រិត​ណា​មួយ» នោះ​​។​

បញ្ហា​នេះ​ ទំនង​ជា​បដិសេធ​ចោល​ក្តី​សង្ឃឹម​​ចំពោះ​ជំនួប​រវាង​លោក ​ត្រាំ ​និង​លោក​​ ​រូហានី ​នៅ ​UN៕ AFP/PSA​