ខេត្ត​ខនកេនៈ ​ក្រុម​អាជ្ញាធរ​ថៃ​ បាន​ថ្លែង​ថា ​ប៉ូលិស​អន្តោប្រវេសន៍​ បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បរទេស ​និង​ជនជាតិ​ថៃ​ជាង​ ២ ២០០ ​នាក់​ ជុំវិញ​ការ​ប្រព្រឹត្ត​បទ​ល្មើស​​ផ្សេងៗ​​គ្នា​ ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​នៅ​ភាគ​ឦសាន​នៅ​អំឡុង​ពេល ​២ ​សប្តាហ៍​មក​នេះ​ ខណៈ​ក្រុម​ឧក្រិដ្ឋជន​មក​ពី​ប្រទេស ​កាមេរូន ​និង​កូឡុំប៊ី​ ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។​

លោក​ឧត្តមសេនីយ៍​ ណាត់​ថាវ៉ាត ​កាន់ឌី​ ជា​មេ​បញ្ជាការ​កងពល​លេខ ​៤ ​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ខេត្ត​ខនកេន ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ក្រុម​មន្ត្រី​ទាំង​នោះ​ បាន​ចុះ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ ដែល​បាន​ផ្តល់​លទ្ធផល​សរុប​នៃ​ការ​ចាប់​ខ្លួន​មាន​ចំនួន​ ២ ២៧៤​ នាក់ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ​១ ​ដល់​ ថ្ងៃទី ១៤​ ខែ ​មិថុនា​។​

លោក​បាន​​ថ្លែង​ថា ក្រុម​ជន​សង្ស័យ​បរទេស​ចំនួន​ ៦២២​ នាក់ ​បាន​ចូល​ប្រទេស ​ថៃ ​ដោយ​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​ទី ​៣១ ខែ ​ឧសភា​ ដែល​លិខិត​ឆ្លង​ដែន​របស់​ពួក​គេ​បាន​ផុត​កំណត់​ ហើយ ​៧៣ ​នាក់​ទៀត​ កំពុង​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​​ និង ​១៦ ​នាក់ ​ត្រូវ​បាន​​ចេញ​ដីកា​​ឲ្យ​តាម​ចាប់​ខ្លួន​​ ដូច្នេះ​ពួក​គេ​ចំនួន ​១ ២៤៥​ នាក់ ​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ ហើយ​ ២៨៧​ នាក់​ ត្រូវ​បាន​បដិសេធ​មិន​ព្រម​ប្រគល់​ខ្លួន​។​

ប៉ូលិស​អន្តោប្រវេសន៍​ បាន​ចូលរួម​កម្លាំង​ជាមួយ​ក្រុម​មន្ត្រី​ Thap Lan National Park ​ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ ​១៨ ​នាក់​ ១៥ ​នាក់​ជា​ជនជាតិ​ខ្មែរ​ និង ​៣ ​នាក់​ ជា​ជនជាតិ​ថៃ​ ដោយ​ពួក​គេ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​កាប់​ឈើ​គ្រញូង​ក្នុង​ព្រៃ​​អភិរក្ស​នៅ​ខេត្ត​ណាខន​ រាជ​ចាស៊ីម៉ា។​

លោក​​ ណាត់​ថាវ៉ាត​ បាន​ថ្លែង​ថា​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ក៏​មាន​វៀតណាម​ដែរ៕ BKP