ក្រុងហុង​កុងៈ​ ប៉ូលិស​នៅ​ក្រុង​ហុងកុង​ប្រើប្រាស់​ស្រៃ្បយ៍​ម្រេច​ និង​ដំបង​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ដែល​​បាន​កាន់​កាប់​ផ្លូវ​ហាយវ៉េ​នានា​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​មុន​អ្វី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ជា​ការ​ជួប​ជុំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ប្រារព្ធ​ខួប​ ដែល​អង់គ្លេស​ប្រគល់​ក្រុង​នេះទៅ​ឲ្យ​ចិន​គ្រប់គ្រង​​វិញ។

ក្រុង​ពាក់​កណ្តាល​ស្វយ័ត​នេះ​ ត្រូវ​រង្គោះរង្គើ​ដោយសារ​បាតុកម្ម​ធំៗ​ កាល​ពី ​៣ សប្តាហ៍​កន្លង​ទៅ​ នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​ ​បាន​ទាមទារ​ដក​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​ចិន​ដី​គោក​វិញ​។​

ភាព​តានតឹង ​បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅ​ពេល​ព្រឹក​ព្រលឹម​កាល​ពី​ថ្ងៃ​ចន្ទ ​ក្រោយ​ពី​ក្រុម​យុវជន​ជា​ច្រើន​ក្រុម​ដែល​ជួបជុំ​គ្នា​បាន​​កាន់កាប់​ផ្លូវ​ហាយវ៉េ​ ​៣ សំខាន់ៗ ​ដោយ​បាន​ដាក់​របាំង​ដែក​ និង​ប្លាសិ្ទក​ ​ដើម្បី​បិទ​ផ្លូវ។ ​

ប៉ូលិស​ប្រឆាំង​កុបកម្ម ជាមួយ​​មួក​សុវត្ថិភាព​ និង​ខែល ​បាន​ទប់ទល់​ជាមួយ​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​សង្កាត់​ Admiralty ​និង​សង្កាត់​ Wanchai​ នៃ ក្រុង​ហុងកុង​។

ប៉ូលិស​​ប្រឆាំង​កុបកម្ម​ជាមួយ​នឹង​មួក​សុវត្ថិភាព ​និង​​ខែល​ត្រៀម​​ទប់ទល់​ជាមួយ​អ្នក​តវ៉ា​​។AFP

អ្នក​កាសែត ​AFP ម្នាក់​នៅ​កន្លែង​តវ៉ា បាន​និយាយ​ថា ​ភ្លាមៗ​ក្រោយ​ពី​ពិធី​លើក​ទង់ជាតិ ​ដើម្បី​ប្រារព្ធ​ខួប ​ដែល​អង់គ្លេស​ប្រគល់​ក្រុង​នេះ​ទៅ​ឲ្យ​ចិន ​ប៉ូលិស​បាន​វាយ​ទៅ​លើ​ក្រុម​​អ្នក​តវ៉ា​ដែល​បាន​បិទ​ផ្លូវ ១ ដោយ​យ៉ាង​តិច​មាន​ស្រី្ត​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ថា ​ហូរ​ឈាម​ចេញ​ពី​របួស​​ក្បាល​របស់​នាង ក្រោយ​ការ​ប៉ះ​ទង្គិច​នោះ​។

ការ​ជួបជុំ​ជា​បន្ត​បន្ទាប់ ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ភ័យ​ខ្លាច​ថា ​ចិន​កំពុង​បំបិទ​សេរីភាព​ និង​វប្បធម៌​របស់​ក្រុង​នេះ​ដោយ​មាន​ការ​ជួយ​ពី​ក្រុម​មេ​ដឹកនាំ​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​ដែល​គាំទ្រ​ក្រុង​ប៉េកាំង​។

ទោះ​បី​ជា​ក្រុង​ហុងកុង​ ត្រូវ​បាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​នៅ​ថ្ងៃ​ទី ១ ​ខែ ​កក្កដា​ឆ្នាំ​ ​១៩៩៧ ​ក្តី ​ក៏​ក្រុង​នេះ​នៅ​តែ​ត្រូវ​បាន​គ្រប់គ្រង​ដាច់​ដោយ​ឡែក​នៅ​ក្រោម​ការ​រៀបចំ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ប្រទេស ​១​ ប្រព័ន្ធ​ ២​។

ក្រុង​នេះ ​ពេញ​ចិត្ត​នឹង​សិទ្ធិ​សេរីភាព​ដែល​មិន​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​លើ​ចិន​ដី​គោក​ផ្តាច់​ការ​ ប៉ុន្តែ​​អ្នក​ស្រុក​ខ្លាច​ថា​ក្រុង​ប៉េកាំង​បំភេ្លច​ចោល​កិច្ច​ព្រមព្រៀង​នោះ​៕ AFP/PSA