ក្រុងប៉ា​រីសៈ ប៉ូលិស​ក្រុង​ប៉ារីស​ បាន​និយាយ​ថា ​ក្រុម​អ្នក​តវ៉ា​អាវ​កាក់​ពណ៌​លឿង​ ដែល​ការ​ធ្វើ​បាតុកម្ម​របស់​ពួក​គេ​កាល​ពី​សប្តាហ៍​មុន​ បាន​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ ​និង​​រំខាន​ដល់​សន្តិសុខ​ ​ត្រូវ​បាន​រារំាង​មិន​ឲ្យ​ចូល​មហាវិថី ​Champs-Elysees​ដ៏​ល្បី​នៅ​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​អំឡុង​ការ​ប្រារព្ធ​​ពិធី​រំឭក​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ប៉ូលិស​បាន​និយាយ​ថា ​ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​រារាំង​មិន​ឲ្យ​រំខាន​ដល់​ពិធី​នានា​ដែល​បាន​កើត​ឡើង​នៅ​វិមាន​ ​Arc de Triomphe ដែល​នៅ​ក្បែរ​វិមាន​ប្រធានាធិបតី​បារាំង​។

ក្រុម​អាជ្ញាធរ​បារាំង ​បាន​ចាត់​វិធានការ​យ៉ាង​តឹងរ៊ឹង​ប្រឆាំង​នឹង​ការ​តវ៉ា​របស់​ក្រុម​អាវ​កាក់​ពណ៌​លឿង​ ចាប់​តាំង​ពី​​​ប្រមុខ​ប៉ូលិស​​ក្រុង​ប៉ារីស​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​កាល​ពី​ថ្ងៃ​ទី ​១៨ ​ខែ ​មីនា​ ពី​បទ​ខកខាន​មិន​បាន​ទប់​ទល់​ប្រឆាំង​នឹង​ការ​ប្រព្រឹត្ត​ដូច​កំរោល​ចូល​របស់​ក្រុម​អ្នក​តវ៉ា គឺ​ការ​គប់​ដុំ​ថ្ម​នៅ​តាម​បណ្តោយ​មហា​វិថី Champs-Elysees។

ប្រមុខ​ប៉ូលិស ​ដែល​បាន​ស្នង​លោក ​គឺ​លោក​Didier Lallement​ បាន​កត់​សម្គាល់​ឃើញ​ថា ​ការ​តវ៉ា​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​វិចិ្ឆកា​ជុំវិញ​ការ​ដំឡើង​ពន្ធ​ប្រេង ​និង​បាន​រីក​កាន់​តែ​ធំ​ទៅ​ជា​ចលនា​ប្រឆាំង​រដ្ឋាភិបាល តាម​ធម្មតា​ក្រុម​មន្ត្រី​ប៉ូលិស ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​យុវជន ​ពោល ​គឺ​ក្រុម​អ្នក​តវ៉ា​អាវ​កាក់​ពណ៌លឿង យក​ជា​គោលដៅ​។

ការ​តវ៉ា​នោះ​តាម​ធម្មតា​កើត​ឡើង​នៅ​ក្នុង​ក្រុង​ប៉ារីស​នៅ​ថ្ងៃ​​សៅរ៍ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​ភ័យ​ខ្លាច​ថា ការ​តវ៉ា​ទាំង​នោះ​អាច​​កើត​ឡើង​នៅ​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នេះ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នៅ​ក្នុង​ប្រទេស ​បារាំង។

នៅ​ក្នុង​អំឡុង​ការ​រំឭក​ខួប​ជ័យ​ជម្នះ​នៅ​អឺរ៉ុប ​ការ​ចុះ​ចូល​សម្ព័ន្ធមិត្ត​របស់​អាល្លឺម៉ង់​ណាហ្ស៊ី​ នៅ​ថ្ងៃ​ទី ​៨ ​ខែ ​ឧសភា ​ឆ្នាំ ១៩២៥​ លោក​ប្រធានាធិបតី​បារាំង​ ​អេម៉ានុយអែល ​ម៉ាក្រុង​ ត្រូវ​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី​​ និង​ធ្វើ​ដំណើរ​ទៅ​កាន់​មហា​វិថី Champs-Elysees ​ជាមួយ​កង​កិត្តិយស ​ដើម្បី​ដាក់​កម្រង​ផ្កា​នៅ​​វិមាន​ Arc de Triomphe៕ AFP/PSA