ក្រុង​កាណូៈ​ ប៉ូលិស​បាន​ថ្លែង​ថា ​ក្រុម​ខ្មាន់​កាំភ្លើង​ប្រហែល​ ៣០០ ​នាក់ ​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​មួយ​កន្លែង​នៅ​នី​ហ្សេរី​យ៉ា​ភាគ​ពាយព្យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​សង​សឹក​មួយ​ បាន​បណ្តាល​ឲ្យ​មនុស្ស ១០​ នាក់​ស្លាប់ ​ដោយ​បាន​ដុត​រថយន្ត​អស់​ជា​ច្រើន​គ្រឿង ​និង​ប្លន់​យក​គោ​ក្របី​ទៀត​ផង​។​

​អ្នក​នាំ​ពាក្យ​ប៉ូលិស​ប្រចាំ​តំបន់​លោក​ Gambo Isah ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ក្រុម​អ្នក​វាយ​ប្រហារ​ទាំង​នោះ ​«​បាន​សម្រុក​ចូល​» ទៅ​ក្នុង​ភូមិ​ឃិត​តាវ៉ានៅ​រដ្ឋ​កាត់​ស៊ីណា​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ដោយ​បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​ស្រុក ​និង​ប្លន់​យក​គោ​ក្របី​អស់​ជា​ច្រើន​ផង​ដែរ​។​

​លោក​ Isah ​បាន​ថ្លែង​ថា​៖ «​មនុស្ស​ ១០ ​នាក់ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​ និង​ ៥ ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​»​។​

លោក​បាន​ថ្លែង​ថា​ ក្រុម​ចោល​ប្លន់​ទាំង​នោះ​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​រថយន្ត​ ៥ ​គ្រឿង​ និង​ម៉ូ​តូ​ ៤​ គ្រឿង​ ក្រោយ​ពី​ប្លន់ ​«​យក​គោ​ក្របី​មួយ​ចំនួន​ដែល​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​ចំនួន​ច្បាស់​លាស់​នោះ​ទេ​»​។​

​ប៉ូលិស​បាន​ថ្លែង​ថា​ ក្រុម​ខ្មាន់​កាំភ្លើង​នោះ​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​កង​កម្លាំង​សន្តិ​សុខ​ ខណៈ​ពួកគេ​បាន​មក​ដល់​នៅ​កន្លែង​កើត​ហេតុ​ ដោយ​បាន​បាញ់​សន្ធប់​ទៅ​លើ​កង​រថយន្ត​បាឡាំង​ដាស់​មួយ​គ្រឿង​ ហើយ​បាន​បង្ក​ឲ្យ​ទាហាន​ម្នាក់​ និង​មន្ត្រី​យោធា​ម្នាក់​រង​របួស​នៅ​មុន​ពេល​រត់​គេច​ខ្លួន​នោះ​៕ SK