ក្រុងប៉ារីសៈ ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល បាន​ដុត​រថយន្ត​រាប់សិប​គ្រឿង និង​ដុត​ភ្លើង​នៅ​មុខ​ហាង​លក់​ទំនិញ​នៅ​ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​ពេញ ១ ថ្ងៃ​ជាមួយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​នៅ​ទូទាំង​ក្រុង​ប៉ារីស​ភាគ​កណ្តាល​កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​មនុស្ស​រាប់​ពាន់​នាក់ បាន​ចូលរួម​ក្នុង​ការ​តវ៉ា​មួយ​ឈ្មោះ​ថា «អាវ​កាក់​ពណ៌​លឿង» ប្រឆាំង​នឹង​ពន្ធ​ប្រេង​កើន​ឡើង​ខ្ពស់។

ក្រុមប៉ូលិស បាន​ឆ្លើយតប​ដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ក្រោយពី​ក្រុមអ្នកតវ៉ា​គប់​ដុំថ្ម​និង​វត្ថុផ្សេងៗ នៅ​ពេល​តវ៉ា​សប្តាហ៍​ទី ៣ ដែល​ជា​ការ​ប្រឆាំង​លោក​ប្រធានា​ធិបតី អេម៉ានុយ​អែល ម៉ាក្រុង។

ផ្សែង​យ៉ាង​ខ្មួល​ខ្មៅ បាន​ហ៊ុមព័ទ្ធ​សង្កាត់​ជាច្រើន ខណៈ​អំពើហិង្សា បាន​រាលដាល​ពី​វិមាន Arc de Triomphe ជាទី​ដែល​ហ្វូង​មនុស្ស​បាន​ធ្វើការ​ជួប​ជុំ​គ្នា ដើម្បី​ហែ​ក្បួន​ទៅ​កាន់​ទីលាន Champs-Elysees។

ខណៈ​មនុស្ស​រាប់សិប​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្រោយពី​មានការ​ត្រួតពិនិត្យ​និង​ឆែករ​កកាត​សម្គាល់​ខ្លួន អ្នក​ខ្លះ​ពាក់​ម៉ាស​ការពារ​ឧស្ម័ន​ឬ វ៉ែនតា​ជិះ​ស្គី នៅ​ពី​ក្រោយ​វាយ​ប៉ូលិស ដែល​ការពារ​របាំង​ផ្លូវ និង​កាណុង​ទឹក។

ក្រុមអ្នកតវ៉ា បាន​ប៉ះទង្គិចជាមួយ​ប៉ូលិស​នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​ប៉ារីស ដោយបាន​ដុត​បំផ្លាញ​រថយន្ត និង​សម្ភារ​សំណង់ ព្រមទាំង​វាយ​កម្ទេច​បង្អួច​អគារ​ជាច្រើន។

ប្រភព​មួយ​ប្រាប់ AFP ថា​កាំភ្លើង​វែង ១ ដើម ត្រូវបាន​គេ​លួច​យក​បាត់​ពី​រថយន្ត​ប៉ូលិស ១ គ្រឿង ប៉ុន្តែ​មិន​ច្បាស់​ថា តើ កាំភ្លើង​នោះ ត្រូវ​បាន​គេ​ដាក់​នៅ​កន្លែង​ណា​ទេ៕