បុរី​ញូវ​យ៉កៈ ​ទឹក​ប្រាក់​ជាង ​១១០ ​លាន​ដុល្លារ ​ត្រូវ​បាន​រៃ​អង្គាស​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​សន្និសីទ​ស្តីពី​ជំនួប​ ដើម្បី​គាំទ្រ​ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ប៉ាឡេស្ទីន (UNRWA)​ ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ចាប់​តាំង​ពី​អាមេរិក​បាន​កាត់​បន្ថយ​ជំនួយ​ពី​ទីភ្នាក់ងារ​នេះ​​។​

ប្រមុខ ​UNRWA​ លោក Pierre Kraehenbuehl បាន​ថ្លែង​ថា មូលនិធិ​នេះ ​នឹង​អនុញ្ញាត​​ឲ្យ​ទីភ្នាក់ងារ​ ដែល​ផ្តល់​សេវា​អប់រំ​ និង​សុខាភិបាល​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន​ ដើម្បី​ចំណាយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ និង​បញ្ចៀស​វិបត្តិ​ថវិកា។​

ប្រទេស​ប្រហែល ​៣៥ ​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​នោះ​ ភាគ​ច្រើន​មក​ពី​ប្រទេស​អឺរ៉ុប ​និង​អារ៉ាប់​ ដែល​បាន​បរិច្ចាគ​ថវិកា​ច្រើន​ជាង​គេ​បំផុត​មក​ពី​អ៊ឺរ៉ុប​ ដូច​ជា​ ប្រទេស ​អាល្លឺម៉ង់ ​និង​អង់គ្លេស​។​

លោក Pierre Kraehenbuehl ប្រមុខ​ទីភ្នាក់ងារ​ ​UN ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​ធ្វើ​សន្និសីទ​កាសែត។

សន្និសីទ​នេះ ​​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ ខណៈ​រដ្ឋ​ការ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ ​បាន​បើក​ចំហ​សមាសភាគ​សេដ្ឋកិច្ច​នៃ​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ ដែល​បាន​រង់ចាំ​អស់​ពេល​ជា​យូរ​ នៅ​ឯ​សិក្ខាសាលា​មួយ​​​នៅ​ប្រទេស ​បារ៉ែន ​ដែល​បាន​ធ្វើ​ពហិការ​ដោយ​អាជ្ញាធរ​ប៉ាឡេស្ទីន​។​

ផែនការ​របស់​អាមេរិក ​បាន​កាត់​បន្ថយ​ទឹក​ប្រាក់​​បម្រុង​វិនិយោគ​ចំនួន ​៥០ ​ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ និង​បណ្តា​ប្រទេស ​អារ៉ាប់ ​ក្បែរ​ខាង​រយៈពេល​ជាង ​១០ ​ឆ្នាំ​។​

កាល​ពី​ឆាំ្ន ​២០១៨​ ​រដ្ឋការ​របស់​លោក ​ត្រាំ​ បាន​កាត់​ផ្តាច់​មូលនិធិ​​ទាំង​អស់​ពី​UNRWA​​ ដោយ​អះអាង​ថា​ ទីភ្នាក់ងារ​ UNRWA​ ​មាន​កំហុស​ ខណៈ​ដែល​ក្រុង​វ៉ាស៊ីនតោន​ បាន​ដាក់​សម្ពាធ មុន​នឹង​ធ្វើ​ការងារ​លើ​​ស្នើសុំ​ឲ្យ​មាន​​ដោះ​ស្រាយ​អ៊ីស្រាអែល-​ប៉ាឡេស្ទីន​។​

ពលរដ្ឋ​ប៉ាឡេស្ទីន ​ស្រែក​បន្ទរ​ពាក្យ​ស្លោក​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​សន្និសីទ​ស្តីពី​សន្តិភាព​ដឹកនាំ​ដោយ ​US។ AFP

ទីប្រឹក្សា​អាមេរិក​ប្រចាំ​នៅ​មជ្ឈិមបូព៌ា​លោក​ Jason-Greenblatt ​កាល​ពី​ខែ​ឧសភា​បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​ថា ទីភ្នាក់ងារ​នេះ គួរ​ត្រូវ​បាន​រំលាយ​ចោល​​ និង​ការងារ​របស់​ខ្លួន​ ត្រូវ​ប្រគល់​ទៅ​ឲ្យ​បណ្តា​ប្រទេស​​ដែល​បាន​ទទួល​យក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន ​និង​​អង្គការ​ក្រៅ​រដ្ឋាភិបាល។

លោក ​Kraehenbuehl​ បាន​ស្វាគមន៍​អំណោយ​ទឹក​ប្រាក់​ចំនួន ​១១០ ​លាន​ដុល្លារ​ ដោយ​បាន​ថ្លែង​ថា ​វា​ជា​ទឹក​ប្រាក់ «​ដ៏​មាន​សារៈសំខាន់​បំផុត​»​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ ទីភ្នាក់ងារ​ UNRWA ​នឹង​កំពុង​ស្វែងរក​មូលនិធិ​ឲ្យ​បាន​ច្រើន​ជាង​នេះ​​ ដើម្បី​ប្រើប្រាស់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​ដែល​មាន​ចំនួន ​១,២ ​ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ​។​

លោក​ Kraehenbuehl ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត ទាំង​នោះ​ថា​៖ «​យើង​សង្ឃឹម​ថា ​បញ្ហា​ទាំង​នេះ​ នឹង​អនុញ្ញាត​ឲ្យ​យើង​បាន​បំពេញ​សេចក្តី​ត្រូវការ​ដ៏​ចាំបាច់​ ​ដែល​យើង​មាន​នៅ​ក្នុង​រយៈពេល ​៣ ​ទៅ ​៤ ​ខែ​ខាង​មុខ​នេះ​»​។​

មិន​មាន​ការ​ប្រកាស​អំពី​វិភាគទាន​ថ្មីៗ​ពី​ក្រុម​ប្រទេស ឈូង​សមុទ្រ​ទេ ប៉ុន្តែ​ប្រមុខ​ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ប៉ាឡេស្ទីន​បាន​ថ្លែង​​ថា ពិត​ជា​មាន​ការ​គាំទ្រ​​ខ្លាំង​ដល់​​ទីភ្នាក់ងារ​នេះ​៕ AFP/SK