ក្រុងឌូបៃ: អារ៉ាប៊ី សាអ៊ូឌីត បានប្រឈមនឹងការមិនជឿទុកចិត្តដែលកំពុងកើនឡើងកាលពីថ្ងៃអាទិត្យជុំវិញការយឺតយ៉ាវក្នុងការពន្យល់ពីរបៀបដែលអ្នករិះគន់ឈ្មោះ Jamal Khashoggi បានស្លាប់នៅក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងក្រុងអ៊ីស្តង់ប៊ុល ខណ:ក្រុមប្រទេសមហាអំណាចពិភពលោក បានទាមទាររកចម្លើយ និងកន្លែងលាក់ទុកសាកសព លោក Khashoggi។
បន្ទាប់ពីការបដិសេធរយៈពេល ២ សប្តាហ៍នោះ អាជ្ញាធរអារ៉ាប៊ី សាអ៊ូឌីត បានសារភាពកាលពីថ្ងៃសៅរ៍ថា អ្នកកាសែតដែលសរសេរអត្ថបទអធិប្បាយពីនយោបាយ ត្រូវបានគេសម្លាប់ បន្ទាប់ពីចូលទៅកាន់ស្ថានកុងស៊ុលកាលពីថ្ងៃទី ២ ខែតុលានោះ ជាការបាត់ខ្លួនមួយដែលធ្វើឲ្យផ្ទុះកំហឹងយ៉ាងខ្លាំង និងធ្វើឲ្យព្រះរាជាណាចក្រឈូងសមុទ្រនេះ ធ្លាក់ ចូលទៅក្នុងវិបត្តិអន្តរជាតិកាន់តែខ្លាំងឡើង។
ក្រុមមន្ត្រីតួកគី បានចោទប្រកាន់ក្រុងរីយ៉ាដពីបទសម្លាប់មនុស្សដែលគាំទ្រដោយរដ្ឋនិងបំបែកសាកសពជាចំណែកៗដោយប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលនៅតួកគី ធ្វើការរាយការណ៍ថា មានវីដេអូ និងភ័ស្តុតាង ដើម្បីគាំទ្រ។
ដោយពីដំបូងនិយាយថា លោក Khashoggi បានចាកចេញពីស្ថានកុងស៊ុលដោយគ្មានរបួសស្នាមអីទេ ហើយថាពួកគេបានស៊ើបអង្កេតលើករណីបាត់ខ្លួនរបស់លោក ក្រុមអាជ្ញាធរ អារ៉ាប៊ី សាអ៊ូឌីត បានសារភាពថា អ្នកកាសែតរូបនេះ ត្រូវបានគេសម្លាប់នៅក្នុង «ជម្លោះប្រតាយប្រតប់គ្នា» ជាមួយក្រុមមន្ត្រីនៅក្នុងស្ថានកុងស៊ុលនោះ៕