ក្រុង​ប៉ារីស៖ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ទាំង ​៨ ​បាន​ផ្តល់​ការ ​«គាំទ្រ​នយោបាយ​» ​របស់​ពួក​គេ​ឲ្យ​មាន​កង​នាវា​ល្បាត​ថ្មី​មួយ​ ដើម្បី​ជួយ​បញ្ចៀស​ជម្លោះ​សក្តានុពល​នៅ​ក្នុង​ច្រក​សមុទ្រ​ហ៊ូរ​ម៉ូស​ ជា​ច្រក​យុទ្ធសាស្ត្រ​ចេញ​ចូល​ទៅ​កាន់​ឈូង​សមុទ្រ​មាន​ជម្លោះ​នោះ​។​

ប្រទេស ​បែលហ្ស៊ិក ​ដាណឺម៉ាក​ អាល្លឺម៉ង់ ​ក្រិក​ អ៊ីតាលី​ ហូឡង់​ និង​ប្រទេស ​ព័រទុយហ្គាល់ ​បាន​គាំទ្រ​ឲ្យ​មាន​កងកម្លាំង​ថ្មី​ ដែល​ទីស្នាក់ការ​បេសកកម្ម​របស់​ពួក​គេ​នឹង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អាប៊ុយដាប៊ី​។​

មន្ត្រី​យោធា​បារាំង​ម្នាក់​បាន​ថ្លែង​ប្រាប់ ​AFP ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​ នាវា​ចម្បាំង​ហូឡង់​មួយ​គ្រឿង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ប្តូរ​វេន​ល្បាត​នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ ​ខាង​មុខ​នេះ​។​

វិធានការ​នោះ​បាន​ធ្វើ​ឡើង​ នៅ​ចំ​ពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​ ជា​ពិសេស​រវាង​ប្រទេស ​អ៊ីរ៉ង់ ​និង​អាមេរិក​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ទៅ​លើ​នាវា​ដឹក​ប្រេង​ និង​ជម្លោះ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​សំខាន់​មួយ​សម្រាប់​ការ​ដឹក​ប្រេង​នៅ​​ទីនោះ​។​

ប្រទេស ​អ៊ីរ៉ង់ ​កំពុង​គាំទ្រ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​ក្នុង​ប្រទេស ​យេម៉ែន​ ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ការ​ប្រយុទ្ធ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ជាមួយ​កងកម្លាំង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ ដែល​បាន​ឈាន​ទៅ​រក​ការ​រឹប​អូស​យក​នាវា​ដឹក​ប្រេង​ជា​ច្រើន​គ្រឿង ​ដោយ​ក្រុម​ហ៊ូធី​។​

ក្រសួង​នោះ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​អស់​រយៈពេល​ជា​ច្រើន​ខែ​ ស្ថានការណ៍​នេះ​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​សេរីភាព​នាវាចរណ៍​តាម​ព្រំដែន​សមុទ្រ​ និង​ទាំង​សន្តិសុខ​នាវា​អឺរ៉ុប ​និង​ក្រុម​យានិក​បរទេស​ផ្សេង​ទៀត​»​។​

ច្រក​សមុទ្រ​ហ៊ូរម៉ូស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​តំបន់​ជម្លោះ​ពិសេស​មាន​ចម្ងាយ ៥០ គីឡូម៉ែត្រ ​ពី​ទឹក​រាក់៕ AFP/SK