ក្រុង​បាងកក៖ ​ប្រធាន​សភា​លោក​ ឈួន​ លីកផៃ​ ត្រូវ​ប្រជុំ​ជាមួយ​ក្រុម​​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សភា​ទាំង​អស់ ​ដើម្បី​រំឭក​ពួក​គេ​អំពី​​គោលការណ៍​ចំណាយ​ ក្រោយ​ពី​ពួក​គេ​បាន​បដិសេធ​មិន​ព្រម​បែង​ចែក​​​ថវិកា​​មិន​ទាន់​ចំណាយ​នៅ​ក្នុង​ចំណោម​ពួក​គេ​នោះ។ ​

លោក ​ឈួន​ លីក​ផៃ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក​មាន​ការ​រន្ធត់​ដែល​បាន​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា​ សមាជិក​គណៈកម្មាធិការ​សភា​ចំនួន ​៣៥ ​នាក់​ ថា​បាន​ចែក​​គ្នា​ម្នាក់​ ​១ ​សែន​បាត ពី​​​ថវិកា​​​ចំនួន ​៩០ ​លាន​បាត ​ដែល​នៅ​​សល់​​មិន​ទាន់​ចំណាយ​។

ថវិកា​ដែល​នៅ​មិន​ទាន់​ចំណាយ​ ត្រូវ​តម្រូវ​ឲ្យ​បង្វិល​​ទៅ​ចូល​​​​កញ្ចប់​ថវិកា​របស់​រដ្ឋ​វិញ​​ នៅ​ចុង​​​ឆ្នាំ​សារពើពន្ធ​នៅ​ថ្ងៃទី ​៣០​ ខែ​កញ្ញា​។

បើ​យោង​តាម​ពាក្យ​ចចាម​អារ៉ាម​បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ថវិកា​នៅ​មិន​ទាន់​ចំណាយ​​នោះ​​ ​បាន​ធ្លាក់​ចូល​ហោប៉ៅ​​របស់​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​​​។​

លោក ​ឈួន​ លីកផៃ​ បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​អំពី​ពាក្យ​ចចាម​អារ៉ាម​ ហើយ​លោក​បាន​ថ្លែង​ថា​ រាល់​មូលនិធិ​ទាំង​អស់ ​ទោះ​បីជា​​​ត្រូវ​បាន​ចំណាយ​រួច​ហើយ​ ឬ​មិន​ទាន់​ក្តី​ ​ក៏​ត្រូវ​ទូទាត់​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​​។​

ប្រធាន​សភា​រូប​នោះ​បាន​ថ្លែង​ថា​៖ «​រាល់​ថវិកា​ណា​មួយ​ ដែល​នៅ​សល់​ត្រូវ​តែ​ប្រគល់​ជូន​ទៅ​ឲ្យ​កញ្ចប់​ថវិកា​កណ្តាល​វិញ​ ពី​ព្រោះ​ថវិកា​នោះ​ ជា​របស់​អ្នក​​បង់​ពន្ធ ​ព្រោះ​ថវិកា​នោះ ​មិនមែន​សម្រាប់​ការ​ចែក​គ្នា​នៅ​ក្នុង​ចំណោម​គណៈកម្មាធិការ​នោះ​ទេ​»​។​

លោក​ថា លោក​ស្នើ​ឲ្យ​មន្ត្រី​សភា​ធ្វើ​របាយការណ៍​ចំណាយ៕ BKP/SK​