ក្រុងប៉ារីសៈ នាយករដ្ឋមន្ត្រីបារាំងកាលពីថ្ងៃអង្គារ បានប្រកាសពន្យារពេលការដំឡើងពន្ធប្រេងយ៉ាងតិច ៦ ខែ ជាការឆ្លើយតបទៅនឹងការតវ៉ាដោយហិង្សា ដែលជាការបត់ ៩០ ដឺក្រេរបស់រដ្ឋការប្រធានាធិបតីម៉ាក្រុង នៅក្នុងអំឡុងការកាន់តំណែងរយៈពេល ១៨ ខែរបស់លោកនោះ។
នៅក្នុងការប្រកាសសេចក្តីសម្រេចនោះ លោកនាយករដ្ឋមន្ត្រី Edouard Philippe បានថ្លែងថា គ្មាននរណាម្នាក់នឹងធ្វើថ្លង់ ឬ ខ្វាក់ មិនមើល ឬមិនឮអំពើហិង្សា ដែលកំពុងកើនឡើងនៅតាមដងផ្លូវនានា ជុំវិញគោលនយោបាយ ដែលលោកម៉ាក្រុង បានការពារថាមានសារៈសំខាន់ចំពោះការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួល អាកាសធាតុ។
លោក Philippe បានថ្លែងថា៖ «ពលរដ្ឋបារាំង ដែលពាក់អាវកាក់ពណ៌លឿង ចង់ឲ្យពន្ធថយចុះ និងការងារទទួលបានប្រាក់ខែច្រើន។ នោះ គឺជាអ្វីដែលយើងត្រូវការ»។
ប្រសិនបើខ្ញុំមិនព្យាយាមពន្យល់ទេ ហើយប្រសិនបើបក្សកាន់អំណាចមិនប្រឹងប្រែងបញ្ចុះបញ្ចូលពលរដ្ឋបារាំងទេនោះ នៅពេលនោះ តើមានអ្វីខ្លះត្រូវផ្លាស់ប្តូរ?
គ្មានការយកពន្ធណាមានតម្លៃដែលអាចធ្វើឲ្យប៉ះពាល់ដល់ការបង្រួមបង្រួមជាតិបារាំងនោះទេ។ ដោយមានការពន្យារពេលដល់ការដំឡើងពន្ធ ដែលត្រូវបានគ្រោងសម្រាប់ខែមករានោះ លោក Philippe បានថ្លែងថា ពេលវេលានេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពិភាក្សាអំពីវិធានការដទៃទៀតក្នុងគោលបំណងជួយអ្នកក្រ និងវណ្ណៈកណ្តាលដែលពឹងផ្អែកលើយានជំនិះទៅធ្វើការ និងឡើងផ្សារ។
មុននេះ ក្រុមមន្ត្រី បានបង្ហើបពីលទ្ធភាពដំឡើងប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែលោក Edouard Philippe មិនបានធ្វើការសន្យាបែបនេះទេ៕