ក្រុងប៉ារីសៈ ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល​ម៉ា​ក្រុង កាល​ពី​ថ្ងៃ​អាទិត្យ បាន​ធ្វើការ​វាយ​តម្លៃ​ការ​ខូចខាត​បណ្តាល​មក​ពី​កុបកម្ម ១ ថ្ងៃ​នៅ​ទូទាំង​ក្រុង​ប៉ារីស និង​បាន​នាំ​ឲ្យ​មាន​ជំនួប​ដោះស្រាយ​វិបត្តិ ដែល​បាន​បញ្ចប់​ជាមួយ​នឹង​ការ​អំពាវនាវ​ឲ្យ​មាន​កិច្ច​ពិភាក្សា​បន្ថែម​ទៀត ជាមួយ​ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល ដែល​ធ្វើ​ការ​តវ៉ា ២ សប្តាហ៍​នោះ។

លោក​ម៉ា​ក្រុង បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ និង​ក្រុមមន្ត្រី​សន្តិសុខ​កំពូលៗ ដើម្បី​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា ដែល​បាន​បង្ក​ឲ្យ​មនុស្ស​រាប់រយ​នាក់​រង​របួស​នៅ​ទូទាំង​ប្រទេស។

វិមាន Elysee បាន​ឲ្យ​ដឹងថា​លោកនាយក​រដ្ឋមន្ត្រី Edouard Philippe ត្រូវបាន​ស្នើ​ឲ្យ​ជួប​ជាមួយ​ក្រុម​អ្នក​រៀបចំ​ការ​តវ៉ា និង​ក្រុម​មេដឹកនាំ​បក្ស​ជា​ផ្នែក​នៃ​បំណង​ប្រាថ្នា​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​គ្នា។

លោក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន Francois de Rugy បាន​ជួប​ក្រុម​អ្នកតំណាង​នៃ​ក្រុម​អ្នក​តវ៉ា ដែល​គេ​ហៅថា​ក្រុម​អ្នក​តវ៉ា «អាវកាក់​ពណ៌​លឿង» កាល​ពី​សប្តាហ៍​មុន​ប៉ុន្តែ​ខកខាន​មិន​បាន​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​បញ្ចប់​ការ​តវ៉ា​ទាំង​នោះ​ទេ។

រដ្ឋាភិបាល បាន​ច្រានចោល​ការប្រកាស​ភាពអាសន្ន ដើម្បី​ទប់ទល់​នឹង​ការតវ៉ា ដែល​បាន​ចាប់​ផ្តើម​ប្រឆាំង​ការ​យក​ពន្ធ​ប្រេង​ខ្ពស់​នោះ ប៉ុន្តែ​ក្លាយជា​កំហឹង​យ៉ាង​ធំ​ទៅ​លើ​របៀប​វារៈ​របស់​លោក​ម៉ាក្រុង។

លោក​ប្រធានាធិបតី​រូបនេះ​បាន​វាយតម្លៃ​ការខូចខាត​នៅឯ​វិមាន Arc de Triomphe ជា​វិមាន​ដ៏​ធំ​បំផុត​ជាទី​ដែល​មាន​កុបកម្ម​កើត​ឡើង​នោះ។

នៅ​ខាងក្នុង​វិមាន​នោះ ក្រុមកុបករ​បាន​វាយបំផ្លាញ​មុខ រូបចម្លាក់​ជា​រូបចម្លាក់​បង្ហាញ​ពី​ជ័យ​ជម្នះ​ឈ្មោះ​ថា La Marseillaise របស់​លោក Francois Rude។

ក្រុម​អ្នក​តវ៉ាពាក់អា​វ​កា​ក់​ពណ៌លឿង​ចូលរួមបិទ​ផ្លូវ​នៅក្នុង​ក្រុង​ម៉ាកសីយ៍។ AFP

លោក​ម៉ា​ក្រុង ក៏​បានឃើញ​រថយន្ត​ខូច ដែល​បណ្តាល​ពី​ការដុត និង​អគារ​ជាច្រើន​ដែល​ខូច​ខាត ដោយ​សារ​កុបកម្ម​នៅ​កន្លែង​ដទៃ​ទៀត ជាទី​ដែល​លោក​បាន​សរសើរ​ប៉ូលិស​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ពួកគេ​ក្នុង​ការ​រក្សា​សន្តិសុខ នៅ​ពេល​នោះ។

ប៉ូលិស​ក្រុងប៉ារីស បាន​និយាយថា មនុស្ស ៤១២ នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​អំឡុង​ការ​ប៉ះទង្គិច​អាក្រក់​បំផុត​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​ក្នុង រដ្ឋធានី​នេះ និង​មនុស្ស ៣៧៨ នាក់ នៅ​ជាប់​ឃុំ​នៅ​ឡើយ។

ប៉ូលិស​ក្រុងប៉ារីស Michel Delpuech បានថ្លែងថា លោក បានចាត់ទុក​អំពើហិង្សា​នោះ​ជា​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​ធ្លាប់​មាន​ពី​មុន និង​ជា​កម្រិត​មួយ​មិន​ធ្លាប់​ឃើញ​ជាច្រើន​ទសវត្សរ៍​មក​ហើយ។

មនុស្ស ២៦៣ នាក់ បាន​រងរបួស​នៅ​ទូទាំងប្រទេស ដោយ​មនុស្ស ១៣៣ នាក់ រងរបួស​នៅ​ក្នុង​រដ្ឋធានី​នេះ នៅ​ក្នុង​នោះ​មាន ២៣ នាក់​ជា​សមាជិក​របស់​កង​កម្លាំង​សន្តិសុខ។

លោក​ម៉ា​ក្រុង បាន​ថ្លែងថា៖ «ខ្ញុំ​មិនដែល​ទទួលស្គាល់​អំពើហិង្សា​ទេ»។ គ្មាន​មូល​ហេតុ​ដែល​បញ្ជាក់​ក្រុម​អាជ្ញាធរ ត្រូវ​រង​ការ​វាយ​ប្រហារ​ទេ ហើយ​ថា អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​អ្នក​ដើរ​ឆ្លង​កាត់​ឬ​ក្រុម​អ្នក​កាសែត​ត្រូវ​រង​ការ​គំរាម​កំហែង ឬថា វិមាន Arc du Triomphe ត្រូវ​រង​ការ​ខូចខាត​យ៉ាង​ដំណំ។

អំពើហិង្សា​នេះ​បាន​បង្ក​ឲ្យ​មាន​កង្វល់​យ៉ាងខ្លាំង​ផងដែរ​នៅក្នុង​សហគមន៍​អាជីវកម្ម​បារាំង​ដែល​បានធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​ថវិកា​រាប់ពាន់​លាន​អឺរ៉ូ៕