ក្រុង​រ៉ា​ម៉ាឡាៈ ​ប្រធានា​ធិបតី​ប៉ា​ឡេ​ស្ទីន ​​លោក ​ម៉ាមុដ​ អាបាស​ បាន​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​អា​មេ​រិក​ ប្រចាំ​​នៅ​ អុីស្រា​អែល​ លោក​ David Friedman ​ថា​ជា​​ «កូន​ប្រុស​របស់​មេ​ឆ្កែ​មួយ​ក្បាល»​ កាល​ពី​ថ្ងៃ​ចន្ទ ​នៅ​ក្នុង​អំឡុង​ការ​រិះ​គន់​គោល​នយោបាយ​របស់​ លោក​ ដូ​ណាល់​ ត្រាំ​។​

សម្តី​របស់​លោក ​បាន​កើត​ឡើង​ ស្រប​ពេល​ដែល​ប្រធានា​ធិបតី​អាមេរិក​ លោក ​ដូ​ណាល់ ​ត្រាំ​ នៅ​តែ​សង្ឃឹម​ថា​នឹង​ចាប់​ផ្តើម​ផែន​ការ​ ដើម្បី​សន្តិ​ភាព​រវាង​អ៊ីស្រា​អែល​ និង ​ប៉ាឡេ​ស្ទីន ​ថ្វី​បើ​លោក​អាបាស​ បាន​ពហិ​ការ​រដ្ឋ​ការ​របស់​លោក ​ជុំវិញ​រឿង​ដែល​លោក​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយ​សាឡិម​ ជា​រដ្ឋ​ធានី​របស់​អ៊ីស្រា​អែល​នោះ។

លោក​​ អាបាស​ បាន​ថ្លែង​ពន្យល់​ទៅ​កាន់​ក្រុម​មេ​ដឹក​នាំ​ប៉ាឡេស្ទីន​ នៅ​ក្នុង​ក្រុង​រ៉ាម៉ា​ឡា​ថា​៖​ «​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​នៅ​ក្រុង​តែល​អា​វីវ ​គឺ​ជា​អ្នក​តាំង​ទីលំ​នៅ​ម្នាក់​ និង​ ជា​មេ​កូន​ប្រុស​របស់​មេឆ្កែ​មួយ​ក្បាល​»។​

ការទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​របស់​លោក​អាបាស​ និង​រដ្ឋ​ការ​របស់​លោក​ ត្រាំ​ ​បាន​ធ្លាក់​ចុះ​យ៉ា​ង​ខ្លាំង​ ចាប់​តាំង​ពី​សេត​វិមាន​ ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយ​សាឡិម​ ជា​រដ្ឋ​ធានី​របស់​អុីស្រា​អែល​​​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០​១៧​ មក៕ PSA