ក្រុង​ម៉ិកស៊ីកូ៖ ​ប្រធានាធិបតី​លោក ​អាន់ឌ្រែស​ ម៉ានុយអែល​ ឡូភីស អូប្រាឌឺរ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​​​កាត់​បន្ថយ​​អត្រា​នៃ​ឧក្រិដ្ឋកម្ម​ហិង្សា​នៅ​ប្រទេស ​ម៉ិកស៊ិក​ គឺ​ជា​ឧបសគ្គ​​ដ៏​ធំ​​របស់​រដ្ឋាភិបាល​នេះ​។​

លោក​ ឡូភីស​ អូប្រាឌឺរ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ដែល ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​កណ្តាល​ទីក្រុង​ម៉ិកស៊ីកូ​ ដែល​បាន​ចូលរួម​ប្រារព្ធ​ពិធី​ចូល​កាន់​តំណែង​​ពេញ ​១ ឆ្នាំ​ដំបូង​របស់​លោក​។​

លោក​ប្រធានាធិបតី​រូប​នោះ​ បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​យើង​ប្រាកដ​ណាស់​ថា​ យើង​នឹង​ធ្វើ​ឲ្យ​ប្រទេស ​ម៉ិកស៊ិក មាន​សន្តិភាព​ជាមួយ​ការ​គាំទ្រ​របស់​ប្រជាជន​ និង​សម្រប​សម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទាំង​មូល​ផង​ដែរ​»​។​

លោក​ប្រធានាធិបតី​ ឡូភីស​ អូប្រាឌឺរ​ បាន​ប្រើប្រាស់​ការ​ធ្វើ​ពិធី​ប្រារព្ធ​បុណ្យ​ខួប​ ដើម្បី​បង្ហាញ​អំពី​ការ​រីក​ចម្រើន​នៅ​ក្នុង​រដ្ឋការ​របស់​លោក​ អំពី​រណសិរ្ស​ខុសៗ​គ្នា​ ជា​ពិសេស​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​សុខុមាលភាព​របស់​ប្រជាជន​ក្រីក្រ​ និង​វណ្ណៈ​កសិករ​ បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ដែល​ជា​តួអង្គ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​។​

យោង​តាម​លោក​ ឡូភីស​ អូប្រាឌឺរ ​បាន​ឲ្យ​ដឹង​ថា​ មធ្យោបាយ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ គឺ​ដើម្បី​លើក​កម្ពស់​ស្តង់ដា​ជីវភាព​រស់នៅ​របស់​ប្រជាជន​​ ដូច្នេះ​យុវជន​វ័យ​ក្មេង​របស់​ប្រទេស ​ម៉ិកស៊ិក ​ទំនង​ជា​មិន​ងាយ​ក្លាយ​ទៅ​ជា​គោលដៅ​របស់​ក្រុម​អង្គការ​ឧក្រិដ្ឋជន​ទាំង​នោះ​​ទេ​​។​

លោក​បាន​ថ្លែង​ថា​៖ «​នៅ​តែ​មិន​ទាន់​មាន​កំណើន​សេដ្ឋកិច្ច​​ដែល​យើង​ចង់​បាន​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មាន​ការ​បង់​វិភាគទាន​ទ្រព្យ​សម្បត្តិ​បាន​ល្អ​ប្រសើរ​ជាង​មុន​»​។​

លោក​បាន​បន្ថែម​ថា​៖ «​ថវិកា​សាធារណជន​ មិន​មែន​កំពុង​នៅ​ក្នុង​ដៃ​តិចតួច​ដូច​ដែល​ខ្លួន​បាន​ប្រើប្រាស់​នោះ​ឡើយ​ ប៉ុន្តែ​ថវិកា​នោះ ​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​មនុស្ស​ភាគ​ច្រើន​»​។​

រដ្ឋាភិបាល​ប្រើប្រាស់​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ មាន​បំណង​ដើម្បី​ការពារ​យុវជន​ឲ្យ​រួច​ផុត​​ពី​ក្រុម​អ្នក​ជួញដូរ​គ្រឿង​ញៀន​​នៅ​ក្នុង​ប្រទេស​ ម៉ិកស៊ិក​។​

លោក​បាន​ថ្លែង​ថា៖ ​«​ប្រសិន​បើ​យើង​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​បាន​ យើង​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​អសន្តិសុខ​បាន»​៕ Xinhua/SK