ក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងបានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានព្រមានអាមេរិកថា ការបដិសេធមិនបន្តសន្ធិសញ្ញាការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New-START) នឹងបង្កឲ្យមានគ្រោះថ្នាក់ និងភាពមិនប្រាកដប្រជាដល់សន្តិសុខពិភពលោកកាន់តែខ្លាំងឡើង។
យោងតាមអត្ថបទចុះផ្សាយរបស់វិមានក្រឹមឡាំងបានឲ្យ-ដឹងថា លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ RT Arabic ទូរទស្សន៍ Sky News Arabia និងទូរទស្សន៍ Al-Arabiya ថា៖ «សន្ធិសញ្ញាចាប់ផ្តើមថ្មី ប្រាកដណាស់ គឺជាសន្ធិសញ្ញាតែមួយគត់ ដែលយើងត្រូវតែការពារមិនឲ្យយើងវិលត្រឡប់ធ្លាក់ចូលទៅក្នុងការប្រកួតប្រជែងកម្មវិធីអាវុធទ្រង់ទ្រាយធំពេញទំហឹងឡើងវិញ»។
លោក ពូទីន បានបញ្ជាក់ថា សន្ធិសញ្ញានេះ ដែលបានផុតកំណត់នៅឆ្នាំ ២០២១ វាជួយកាត់បន្ថយ និងកំណត់ទំហំនៃអាវុធទ្រង់ទ្រាយធំជាយុទ្ធសាស្ត្របន្ថែមទៀត ដោយនៅក្នុងនោះមានអាវុធបាញ់ពីដីទៅលើអាកាស បាញ់ចេញពីសមុទ្រ និងជើងទម្របាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប វាយប្រហារពីមូលដ្ឋានទ័ពអាកាសជាដើម។
លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា៖ «ដើម្បីធានាថា ខ្លួនត្រូវបានបន្តសន្ធិសញ្ញានោះ យើងចាំបាច់ត្រូវបានកំពុងធ្វើការអំពីសន្ធិសញ្ញានៅពេលបច្ចុប្បន្ននេះ»។
លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានថ្លែងថា ប្រទេស រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ជូនសំណើរបស់ខ្លួនទៅកាន់រដ្ឋការអាមេរិក ប៉ុន្តែយើងនៅមិនទាន់បានទទួលលិខិតឆ្លើយតបពីអាមេរិកនៅឡើយទេ។
លោក ពូទីន បានសម្តែងការព្រួយបារម្ភថា ក្រុងវ៉ាស៊ីនតោនអាចនឹងមិនទាន់បានធ្វើការសម្រេចចិត្តរបស់ខ្លួននៅឡើយទេ ថាតើពួកគេត្រូវការពង្រីកសន្ធិសញ្ញានោះ ឬអត់? ដែលមិនមែនជាសញ្ញាវិជ្ជមានមួយ ដើម្បីចុះកិច្ចព្រមព្រៀងទៅថ្ងៃអនាគតនោះទេ។
លោក ពូទីន បានថ្លែងថា៖ «ប្រសិនបើសន្ធិសញ្ញានេះមិនត្រូវបានបន្តនោះ ពិភពលោកនឹងមិនមានមធ្យោបាយនៃការកំណត់ចំនួននៃអាវុធទ្រង់ទ្រាយធំនោះឡើយ ហើយនេះគឺជាព័ត៌មានអាក្រក់បំផុត» ដោយបានបន្ថែមថា៖ «ពិភពលោកនឹងមានសុវត្ថិភាពតិចតួចណាស់ និងមិនអាចទាយទុកមុនបានទៀតផង»។
ក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១០ ដែលបានចែងលក្ខខណ្ឌចុះកិច្ចសន្យាឲ្យកំណត់ចំនួនកម្មវិធីអាវុធយុទ្ធសាស្ត្រទ្រង់ទ្រាយធំផ្សេងៗ ដែលបានធ្វើជាម្ចាស់កម្មសិទ្ធិរបស់ប្រទេសទាំង ២។ កិច្ចព្រមព្រៀងនោះ អាចត្រូវបាន បន្តយ៉ាងតិច ៥ ឆ្នាំម្តង ដោយមានការយល់ព្រមពីប្រទេសទាំង ២៕ Xinhua/SK